ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារពេលចុះបញ្ជីពាណិជ្ជកម្មសារឡើងវិញ តាមប្រព័ន្ធស្វ័យប្រវត្តកម្ម រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៦។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយប្រមាណជា មួយម៉ោងមុននេះ។
មកទល់បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មពិនិត្យឃើញថា នៅមានក្រុមហ៊ុន សហគ្រាស សាខា ការិយាល័យតំណាង បុត្រសម្ព័ន្ធ ឬទីភ្នាក់ងារមួយចំនួន មិនទាន់បានបំពេញកាតព្វកិច្ចនៃការចុះបញ្ជីសារឡើងវិញនៅឡើយទេ ដែលដូច្នេះក្រសួងពាណិជ្ជកម្ម នឹងធ្វើការពន្យារពេល នៃការចុះបញ្ជីសារឡើងវិញ ដើម្បីផ្តល់លទ្ធភាពជូនក្រុមហ៊ុន សហគ្រាស សាខា ការិយាល័យតំណាង បុត្រសម្ព័ន្ធ ឬទីភ្នាក់ងារ។
ក្រោយពេលផុតសុពលភាពកំណត់ ក្រសួងពាណិជ្ជកម្ម នឹងធ្វើការជូនដំណឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជម្រះកាតព្វកិច្ចពន្ធដារ និងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់ នូវក្រុមហ៊ុន សហគ្រាសទាំងឡាយណា ដែលមិនទាន់បានចុះបញ្ជីសារឡើងវិញ។
គួរជម្រាបផងដែរថា ក្រសួងពាណិជ្ជកម្ម សង្ឃឹមយ៉ាងមុតមាំថា ប្រធានក្រុមហ៊ុន សហគ្រាស សាខា ការិយាល័យតំណាង បុត្រសម្ព័ន្ធ ឬទីភ្នាក់ងារទាំងអស់ នឹងរួសរាន់ចុះបញ្ជីសារឡើងវិញតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ជាក់ជាមិនខាន៕


មតិយោបល់