ក្រសួងទេសចរណ៍រំពឹងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តលើកទី៦ ឆ្នាំ២០១៨នេះ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចកើនដល់ ២លាននាក់ អាចនាំមកនូវ ចំណូលប្រមាណ ២០០លានដុល្លារដល់ប្រជាពលរដ្ឋកម្ពុជា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។
ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនាមមហា គ្រួសារខ្មែរតែមួយ និងលើកតម្កើនតម្លៃវប្បធម៌-អរិយធម៌ជាតិផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា នេះគឺជាមហាព្រឹត្តិការណ៍ទេសចរណ៍ ជាផលិតផលទេសចរណ៍មួយចូលរួមដល់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
ឯកឧត្ដមបានបន្ដថា ការពិតការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តលើកទី៦ ជាប្រវត្តិសាស្ត្រនេះ បង្ហាញអំពីសារៈសំខាន់ និងតួនាទីដ៏ចម្បងនៃសម្បត្តិវប្បធម៌ជាតិប្រកបដោយគុណតម្លៃ ចូលរួមទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
ឯកឧត្តមរំពឹងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៨នេះ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកម្សាន្ត សប្បាយក្នុងព្រឹត្តិការណ៍នេះ អាចកើនដល់ ២លាននាក់ និងអាចនាំមកនូវចំណូលប្រមាណ ២០០លានដុល្លារ ចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាប ខណៈដែលព្រឹត្តិការណ៍អង្គរ សង្រ្កាន្តនៅឆ្នាំ២០១៧កន្លងមកនេះទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណ ១.៦លាននាក់។
ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា ដើម្បីឱ្យភ្ញៀវទេសចរ ដែលបានមកចូលរួម ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានការពេញចិត្តទំាងការចូលរួមក្នុងព្រឹត្តិការណ៍ និងកន្លែងស្នាក់នៅនោះ ប្រត្តិបត្តិករទេសចរទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះគុណភាព សេវាកម្មរបស់ខ្លួនឱ្យបានល្អ និងស្ថិតក្នុងកម្រិតស្តង់ដារ និងប្រកបដោយទំនុក ចិត្តសម្រាប់ភ្ញៀវទេសចរ ស្របតាមយុទ្ធនាការ «សេវាមួយ ស្តង់ដារមួយ»។
ជាមួយគ្នានេះដែរ សម្រាប់កម្មវិធីក្នុងព្រឹត្ដិការណ៍នេះមានដូចជាល្បែងប្រជាប្រិយ ការសម្តែងក្បាច់គុនល្បុក្កតោ អុកក្រឡាចក្រត្រង់ និងព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀត ដើម្បីលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឱ្យមានមោទនភាពក្នុងថែរក្សា និងលើកស្ទួយវប្បធម៌ អរិយធម៌ប្រពៃណីជាតិខ្មែរដែលធ្លាប់ប្រតិបត្តិពីរមួយជំនាន់ ទៅមួយជំនាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែច្រើន បន្ថែមទៀត។
ក្រៅពីនោះ កម្មវិធីថ្មីសម្រាប់អង្គរសង្គ្រាន្តសម្រាប់ឆ្នាំ២០១៨នេះ គឺមានដូចជា ការតាំងបង្ហាញខ្មុកយក្ស កម្មវិធីព្រៃប្រសិទ្ធី កម្មវិធីបាញ់ធ្នូបុរាណ សហវិចិត្រវាយនា ឬការបង្ហាញក្រមារ ១០០០ម៉ែត្រ និងកម្មវិធីផ្សេងៗជាច្រើនទៀត៕
មតិយោបល់