កញ្ចប់ថវិកាពិសេស ២៧លានដុល្លារអាមេរិក សម្រាប់ឥណទានទិញស្រូវស្តុកទុក ទើបតែប្រើអស់ប្រហែល ៨០ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ គិតមកទល់នឹងថ្ងៃនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍ជនបទ ចេញផ្សាយកាលពីម្សិលមិញនេះ។
កាលពីខែកញ្ញា កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍ជនបទ ទទួលបានមូលនិធិពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ២៧លានដុល្លារអាមេរិក ដែលក្នុងនោះចំនួន ៧លានដុល្លារអាមេរិកជាមូលនិធិផ្ទាល់ របស់ធនាគារអភិវឌ្ឍន៍ជនបទ នឹងធ្វើការផ្តល់ឥណទានជូនទៅ បណ្តារោងម៉ាស៊ីនទាំងឡាយណា ដែលកំពុងធ្វើការប្រមូលទិញស្រូវ ក្នុងអត្រាការប្រាក់ ៧ភាគរយក្នុងមួយឆ្នាំ ស្មើនឹង ០,៥៨៣% ក្នុងមួយខែ ដោយយកស្តុកស្រូវធ្វើជាវត្ថុធានាបំណុល នឹងមានលក្ខខណ្ឌមួយចំនួន។
យ៉ាងណាមិញ រោងម៉ាស៊ីនភាគច្រើន បាននិងកំពុងប្រើប្រាស់ទុនផ្ទាល់ខ្លួន មិនទាន់អស់ក្នុងការទិញស្រូវពីប្រជាកសិករ ពីព្រោះកញ្ចប់ថវិកាពិសេស ត្រូវបានផ្តល់ឥណទានអស់ចំនួនប្រហែល ៨០ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ។
ក្រោមការចុះពិនិត្យដោយផ្ទាល់របស់ក្រុមការងារធនាគារអភិវឌ្ឍន៍ជនបទ បានសង្កេតឃើញថា នៅឆ្នាំនេះ ទិន្នផលស្រូវរបស់ប្រជាកសិករមានកំណើនខ្ពស់ ពោលគឺទទួលបានផលប្រមាណពី ៥តោន ទៅ ៧តោនក្នុងមួយហិកតា។
ដោយសារតែមានភ្លៀវធ្លាក់ច្រើននៅតាមតំបន់ប្រមូលផល បណ្តាលឲ្យមានជំនន់ទឹកភ្លៀង ធ្វើឲ្យប្រជាកសិករប្រមូលផលក្នុងពេលតែមួយ ទន្ទឹមនិងការខ្វះឡសម្ងួតស្រូវរបស់រោងម៉ាស៊ីន ធ្វើឲ្យឈ្មួញកណ្តាលឆ្លៀតឱកាសទម្លាក់ថ្លៃស្រូវក្រោមការកំណត់របស់រាជរដ្ឋាភិបាល។
គួរជម្រាបផងដែរថា មានឃ្លាំងស្តុកស្រូវច្រើននៅទំនេរ ព្រោះស្រូវដែលសម្ងួតហើយ ត្រូវបានយកទៅកិនជាអង្ករភ្លាមៗ ដើម្បីធ្វើការចែកចាយក្នុងស្រុក និងតម្រូវការនាំចេញ៕


មតិយោបល់