នៅព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ១ ខែសីហា ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរ នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បន្ទាប់ពីបានសម្ពោធចំណតនាវាដឹកអ្នកដំណើរ នៅក្នុងខណ្ឌឬស្សីកែវ រួចហើយ សម្តេចតេជោនាយករដ្ឋមន្ត្រី និងមន្ត្រីនៃរាជរដ្ឋាភិបាលមួយចំនួនបានអញ្ជើញធ្វើដំណើរតាមនាវា ពីចំណតឫស្សីកែវមកកាន់ចំណតនាវាទីក្រុងតាខ្មៅ ខេត្តកណ្តាល។
គួររំលឹកផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ននូវការធ្វើប្រតិបត្តិការដឹកអ្នកដំណើរដោយឥតគិតថ្លៃកាលពីថ្ងៃទី៦ មេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ដោយបានប្រើប្រាស់នាវាដឹកអ្នកដំណើរចំនួន ៤គ្រឿង (២គ្រឿងទិញពីប្រទេសវៀតណាម និង២គ្រឿងទៀត ជួលពីក្រុមហ៊ុន Royal Express Boat)។
នាវានីមួយៗមានសមត្ថភាពផ្ទុកអ្នកដំណើរបាន ៥៤-៦០នាក់ មានល្បឿនមធ្យម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយប្រើរយៈពេលប្រមាណតិចជាងមួយម៉ោងរវាងចំណតនាវាដើមទី (ឬស្សីកែវ) និងចំណតនាវាចុងទី (តាខ្មៅ) ដែលរយៈពេលនេះតិចជាងរយៈពេលធ្វើដំណើរតាមផ្លូវគោកប្រមាណ២ដង។
ការធ្វើដំណើរតាមនាវានេះមានភាពទៀងទាត់ មានសុវត្ថិភាព និងបានបម្រើសេវាកម្មជូនប្រជាពលរដ្ឋចាប់ពីម៉ោង ៥:៣០ព្រឹក រហូតដល់ម៉ោង ៦:៣០ល្ងាច ហើយគិតចាប់ពីថ្ងៃដាក់ដំណើរការបណ្តោះអាសន្នរហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកដំណើរសរុប ៣០,៦៤៧នាក់ ដែលជាមធ្យមមានអ្នកដំណើរប្រមាណ ២០០នាក់ក្នុងមួយថ្ងៃ។
សម្រាប់ចំណតនាវាឫស្សីកែវ ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធនៅព្រឹកនេះ មានផ្ទៃក្រឡាបេតុង ៩៦៨ម៉ែត្រការ៉េ ផែដែកបណ្តែតមានទំហំ ៣៦៦ម៉ែត្រការ៉េ អាចផ្ទុកបានទម្ងន់អតិបរិមា ១៨០តោន ស្ពានដែកមានប្រវែង ៣០ម៉ែត្រ និងអគាររង់ចំាមានទំហំ ៨៤ម៉ែត្រការ៉េ ព្រមទាំងមានបំពាក់ឧបករណ៍សម្ភារៈគ្រប់គ្រាន់ ដោយប្រើប្រាស់ថវិកាជាតិទាំងស្រុងប្រមាណជិត ៥៩ម៉ឺនដុល្លារអាមេរិក។
ក្រៅពីចំណតនាវាឫស្សីកែវ ដើម្បីបម្រើការងារដឹកជញ្ជូនតាមផ្លូវទឹកនេះឲ្យកាន់តែងាយស្រួលនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានសាងសង់ចំណតនាវាចំនួន៤ផ្សេងទៀតរួមមាន៖ ចំណតនាវាផ្សារចាស់, ចំណតនាវាចតុមុខ, ចំណតនាវាច្បារអំពៅ និង ចំណតនាវាតាខ្មៅ។
ទីតាំងចំណតនាវាដឹកអ្នកដំណើរនីមួយៗ មានភ្ជាប់ជាមួយស្ថានីយ៍រថយន្តក្រុងដែលបង្កលក្ខណៈងាយស្រួលសម្រាប់ការប្តូរ ឬតភ្ជាប់គ្នានូវការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោក។
នៅពេលនេះបងប្អូនអាចជ្រើសរើសការធ្វើដំណើរតាមកាណូត និងដឹកជញ្ជូនទំនិញផ្សេងៗតាមផ្លូវទឹក បានកាន់តែងាយស្រួល ដែលជួយសម្រួលដល់ការធ្វើដំណើរតាមផ្លូវទឹក និងដើម្បីជំរុញជីវភាពរស់នៅរបស់ប្រជាជនអោយកាន់តែប្រសើរឡើង។ ម៉្យាងវិញទៀត គឺនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍បានមួយកម្រិតធំទៀតផង៕
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/08/38127551_1807608459287643_4915147486777049088_o.jpg?fit=1000%2C804&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/08/38208531_1807370815978074_7225465443891281920_o.jpg?fit=1000%2C750&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/08/38213646_1807370642644758_6273181773148979200_n.jpg?fit=960%2C540&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/08/38204333_1807370549311434_5580662530537160704_o.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/08/38071573_1807370499311439_1804016290159919104_o.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/08/38213698_1807602872621535_3868819627278598144_o.jpg?fit=1000%2C667&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/08/38085410_1807603622621460_2259093531442282496_o.jpg?fit=1000%2C667&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/08/38248783_1807607419287747_1785468302093451264_o.jpg?fit=1000%2C667&ssl=1)
មតិយោបល់