ព័ត៌មានសេដ្ឋកិច្ច

ជប៉ុន ផ្តល់ជំនួយ ៣៥លានដុល្លារ សង់ស្ពានបន្ទាន់ នៅតំបន់រងគ្រោះដោយសារទឹកជំនន់

កាលពីម្សិលមិញនេះ ប្រទេសជប៉ុន បានចុះហត្ថលេខាជាមួយកម្ពុជាលើ លិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សាស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបប្រមាណ ៣៥លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង សាងសង់ស្ពានបន្ទាន់ នៅតំបន់រងគ្រោះដោយសារទឹកជំនន់។

ក្នុងគម្រោងនេះ រួមមាន ស្ពានចំនួន ៥ នៅលើផ្លូវជាតិលេខ ៧៣ ក្នុងខេត្តក្រចេះ និងស្ពានចំនួន ២ នៅលើផ្លូវជាតិលេខ ១១ ក្នុងខេត្តព្រៃវែង ដែលនឹងត្រូវបានសាងសង់សម្រាប់ជំនួសស្ពាន ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដើម្បីពង្រឹងសមត្ថភាពដឹកជញ្ជូន នៅតាមបណ្តោយផ្លូវជាតិទាំង ២នេះ។

គួរកត់សម្គាល់ថា ចាប់តាំងពីខែមេសា ឆ្នាំ ២០១៧ កម្ពុជា បានទទួលជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ប្រហែល ២៤៩លានដុល្លារអាមេរិក ក្នុងនោះរួមមាន ហិរញ្ញប្បទានឥតសំណងប្រមាណ ៤០លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការពារទឹកជំនន់ ព្រមទាំងការកែលម្អប្រព័ន្ធលូបង្ហូរទឹកនៅរាជធានីភ្នំពេញ និងកម្ចីសម្បទានដែលមានទឹកប្រាក់ប្រមាណ ២០៩លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី នៅក្រុងព្រះសីហនុ៕

មតិយោបល់