ព័ត៌មានសេដ្ឋកិច្ច

ចាប់ពីពេលនេះទៅ អាចបង់ប្រាក់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-payment)

កាលពីម្សិលមិញនេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសដាក់ឲ្យដំណើរការបង់ប្រាក់ពន្ធ តាមប្រព័ន្ធអេឡិកត្រូនិក (E-payment) ដែលរួចរាល់ជាស្ថាពរចាប់ពីពេលនេះទៅ ខណ:ការដាក់លិខិតប្រកាសបង់ពន្ធ តាមប្រព័ន្ធអេឡិកត្រូនិក គ្រោងដាក់ឲ្យដំណើរការនៅដើមឆ្នាំ ២០១៨ ខាងមុខ។

បច្ចុប្បន្ន អ្នកជាប់ពន្ធ អាចទៅបង់ពន្ធ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬ នៅតាមធនាគារអេស៊ីលីដា ឬនៅតាមធនាគារកាណាឌីយ៉ា ឬនៅតាមធនាគារវឌ្ឍន: ឬនៅតាមធនាគារកម្ពុជាសាធារណ:។

ដើម្បីចំណេញពេលវេលា ឆាប់រហ័ស និងផ្តល់ភាពងាយស្រួល អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឲ្យដំណើរការ E-payment គឺអ្នកជាប់ពន្ធ អាចបង់ប្រាក់ពន្ធបាននៅគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនចាំបាច់ទៅធនាគារ ឬសាខាខេត្ត-ខណ្ឌ។

លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា អ្នកជាប់ពន្ធ សុទ្ធតែមានលេខអត្តសញ្ញាណ ហើយអាចវាយបញ្ចូលលេខនោះទៅតាមការណែនាំ ដើម្បីបង់ប្រាក់ពន្ធ ដែលអាចធ្វើឡើងនៅក្នុងទូរស័ព្ទដៃ ឬកុំព្យូទ័រនៅផ្ទះក៏បាន។

បន្ទាប់ពីបង់ប្រាក់ពន្ធរួចហើយ អ្នកជាប់ពន្ធ នឹងទទួលបានបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ ដែលលោកអ្នកអាចបោះពុម្ភ ហើយយកបង្កាន់ដៃនេះទៅ សាខាពន្ធដារ ដើម្បីដាក់លិខិតប្រកាសពន្ធ។

គួរជម្រាបដែរថា ក្នុងរយ:ពេល ៥ឆ្នាំចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានលើសផែនការជារៀងរាល់ឆ្នាំ៕

មតិយោបល់