ព័ត៌មានសេដ្ឋកិច្ច

ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម នឹងចំណាយទឹកប្រាក់ ២លានដុល្លារ សាងសង់ក្នុងខេត្តត្បូងឃ្មុំ

ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម នឹងចំណាយដើមទុនប្រមាណ ២លានដុល្លារអាមេរិក ដើម្បីសាងសង់លើផ្ទៃដី ១ហិកតាកន្លះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរវាង ខេត្តត្បូងឃ្មុំ និងខេត្តតាយនីញ ភាគខាងត្បូងប្រទេសវៀតណាម។ នេះបើយោងតាមការចុះអនុស្សរណ:យោគយល់កាលពីពេលថ្មីៗនេះ រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម អាចនឹងសាងសង់នៅឆ្នាំ ២០១៧ ក្នុងភូមិកណ្តោល ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលស្ថិតនៅចម្ងាយប្រមាណ ១គីឡូម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម ហើយផ្សារគំរូនេះ នឹងជម្រុញដល់ការដោះដូរពាណិជ្ជកម្ម និងទំនិញ រវាងប្រទេសទាំងពីរផងដែរ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានបន្ថែមទៀតថា ប្រសិនបើគម្រោងនេះទទួលបានជោគជ័យ កម្ពុជា និងវៀតណាម នឹងបង្កើតផ្សារគំរូតាមបណ្តាព្រំដែនទៀតដូចជា ខេត្តកំពតជាដើម។

សម្រាប់ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ ២០១៥ គឺប្រមាណជា ៣.៣ពាន់លានដុល្លារ ហើយការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សង្ឃឹមថា នឹងកើនឡើងបន្តទៅទៀត នៅក្នុងឆ្នាំ ២០១៦នេះ។

គួរជម្រាបផងដែរថា មកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនវៀតណាមដែលមកវិនិយោគនៅកម្ពុជា មានរហូតដល់ ១៨២គម្រោង ក្នុងទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការលើកឡើងរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា៕

border-market-model-vietnam-cambodia

មតិយោបល់