ការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រកចំណូលបានចំនួន ៤៤លានដុល្លារអាមេរិក ក្នុងរយៈពេល ៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០១៦នេះ។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ក្នុងរយៈពេល ៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០១៦នេះ ចំនួនភ្ញៀវទេសចរបរទេសដែលចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ១លាន៥សែននាក់ ដែលរកចំណូលបានពីការលក់ប័ណ្ណចូលទស្សនាប្រមាណ ៤៤លានដុល្លារអាមេរិក កើនឡើងប្រមាណ ២.៥៦ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ បានលើកឡើងថា រដ្ឋាភិបាលបានរៀបចំយុទ្ធសាស្រ្តទីផ្សារទេសចរណ៍កម្ពុជា ២០១៦-២០២០ ទាក់ទាញភ្ញៀវទេសចរចិន ដែលមានសក្តានុពលខ្លាំងក្នុងវិស័យទេសចរណ៍ និងការចំណាយ ហើយក្នុងនោះដែរ ភ្ញៀវទេសចរចិនមកកម្ពុជា មានចំនួនកើនឡើងជារៀងរាល់ឆ្នាំ។
ជាក់ស្តែងក្នុងឆ្នាំ ២០១៥ មានភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា មានប្រមាណជា ៤លាន៨សែននាក់ ដែលក្នុងនោះភ្ញៀវទេសចរចិន មានប្រមាណជា ៨សែននាក់ ឈរនៅលំដាប់លេខ ២ ដែលចំនួននេះ ហាក់នៅមានកម្រិតនៅឡើយ។
គួរជម្រាបដែរថា ភ្ញៀវទេសចរ ដែលមកទស្សនាខេត្តសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ មានចំនួនប្រមាណ ១សែន៣ម៉ឺននាក់ ដែលភ្ញៀវអន្តរជាតិមានប្រមាណ ១ម៉ឺន៧ពាន់នាក់ នឹងភ្ញៀវជាតិប្រមាណ ១សែន ២ម៉ឺននាក់ នេះបើយោងតាមការចេញផ្សាយរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប៕

មតិយោបល់