អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានប្រកាសទទួលទិញអង្ករផ្លាស្ទិក ក្នុងតម្លៃគុណនឹង ៣ ឬ ៤ បើសិនជាមានអង្ករនេះនៅកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល នៅក្នុងសិក្ខាសាលាស្តីពីសុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ ដែលរៀបចំឡើងកាលពីម្សិលមិញនេះ។
លោក បន្តបញ្ជាក់ថា ទាក់ទងនឹងព័ត៌មាន ដែលលើកឡើងថា មានអង្ករផ្លាស្ទិកនៅកម្ពុជា អគ្គនាយកដ្ឋានកាំកុងត្រូល បានខិតខំស្រាវជ្រាវ និងវិភាគតាមមន្ទីរពិសោធន៍ទៅលើអង្ករដែលប្រជាពលរដ្ឋសង្ស័យថាជាអង្ករផ្លាស្ទិក តែមិនទាន់ឃើញថា ជាអង្ករផ្លាស្ទិកនោះទេ មកទល់ថ្ងៃនេះ។
អគ្គនាយកដ្ឋានកាំកុងត្រូល ក៏អះអាងថា មកទល់ថ្ងៃនេះ មិនមានអង្ករផ្លាស្ទិកនៅកម្ពុជាទេ ហើយនាយកដ្ឋាន នៅតែចាត់វិធានការបន្តតាមដាន និងសំនូមពរដល់ប្រជាពលរដ្ឋ ដែលគិតថាទិញបានអង្ករផ្លាស្ទិក សូមយកមកអគ្គនាយកដ្ឋានកាំកុងត្រូល ឬទាក់ទងមកអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីទៅទទួលទិញអង្ករនោះ ដោយឲ្យតម្លៃគុណនឹង ៣ ឬគុណនឹង ៤។
ជាចុងក្រោយ អគ្គនាយកដ្ឋានកាំកុងត្រូល ក៏បានសំនូមពរឲ្យអាជីវករ ពាណិជ្ជករ មេត្តាបន្តកិច្ចសហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរួមចំណែកអនុវត្តតាមគោលការណ៍ សុវត្ថិភាពម្ហូបអាហារ៕


មតិយោបល់