ខ្សែបម្រើ Pual Pogba រកគ្រាប់បាល់បាន២គ្រាប់ជួយក្លឹប Manchester United យកឈ្នះក្រុម Fenerbahce ៤-១ កាលពីយប់មិញនេះ ក្នុងការប្រកួតវគ្គសន្សំពិន្ទុតាមពូល ពានរង្វាន់ UEFA Europa League ។
ក្រុមបិសាចក្រហមក្នុងដីខ្លួនឯងពិតជាធ្វើបានល្អមែនទែន ដោយត្រឹមនាទី៣១ Pogba រកបានមួយគ្រាប់នាំមុខដោយបាល់ពិន័យ១១ម៉ែត្រ ហើយបានតែ៣នាទីបន្ទាប់ពី Anthony Martial ក៏ថែមបានគ្រាប់ទី២ទៀត ដោយការទាក់បាល់ពិន័យ១១ម៉ែត្រដូចគ្នា។ នៅជិតនឹងចប់តង់ទី១ទៅហើយ នាទី៤៥ អតីតកីឡាករ Juventus និងជាកីឡាករថ្លៃជាងគេលើលោក ថែមបាន១គ្រាប់ទៀត ឱ្យក្រុមលោក Jose Mourinho នាំមុខ Fenerbahce ៣-០ គិតត្រឹមតង់ទី១។

ចូលដល់តង់ទី២ ក្រុម Man Utd នៅតែមានឱកាសដដែល ដោយកីឡាករវ័យក្មេង Jesse Lingard ជាអ្នកធ្វើបានសម្រេច ត្រឹមនាទី៤៨ ។ ហើយការប្រកួតចេះតែវាយសម្រុកគ្នាទៅវិញទៅមកដែរ រហូតដល់នាទី៨៣ ទើប Robin van Persie រកបាន១គ្រាប់លួងចិត្តដល់ក្រុមភ្ញៀវ មុនចប់ការប្រកួត Man Utd ៤-១ Fenerbahce ។
ជ័យជម្នះយប់មិញនេះដែរ បានធ្វើឱ្យក្រុមបិសាចក្រហមនៅឈរចំណាត់ថ្នាក់លេខ១ក្នុងពូល មាន៦ពិន្ទុក្នុង៣ប្រកួត ស្មើនិងក្រុម Feyenoord ដែរ តែចំណេញគ្រាប់បាល់បានច្រើនជាង៕






មតិយោបល់