ព័ត៌មានសេដ្ឋកិច្ច

គ្រោះរាំងស្ងួត ធ្វើឲ្យអំពៅបាត់ជាតិផ្អែម ទិន្នផលស្ករសធ្លាក់ចុះខ្លាំង

កាលពីពេលថ្មីៗនេះ គ្រោះរាំងស្ងួត នៅប្រទេសថៃ បានកាត់បន្ថយជាតិផ្អែម នៅក្នុងដំណាំអំពៅ ដែលធ្វើឲ្យទិន្នផលស្ករស ធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីពេលថ្មីៗ។

ប្រទេសថៃ ដែលធ្លាប់តែជាប្រទេសនាំមុខគេទី ២ ក្នុងការនាំចេញផលិតផលស្ករស បានព្រួយបារម្ភជាខ្លាំងទៅលើ បញ្ហាគ្រោះរាំងស្ងួត ដែលធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មស្ករស ខណ:ដែលតម្លៃស្ករសទូទាំងសកល កំពុងកើនឡើង។

លោក Sirivuth ប្រធានក្រុមហ៊ុន Thai Sugar Millers Corporation បានព្យាករណ៍ថា ទិន្នផលអំពៅឆ្នាំនេះ ធ្លាក់ចុះ ៣លានតោន មកត្រឹម ៩១លានតោនក្នុងឆ្នាំ ២០១៦-១៧នេះ ហើយលោករំពឹងថា នឹងមានការសហការគ្នាពី ម្ចាស់រោងម៉ាស៊ីនផលិតស្ករ និងកសិករប្រមូលផលអំពៅ ដើម្បីជួយគ្នាស្រោចស្រង់ទិន្នផលស្ករស។

លោកបន្តថា គ្រោះរាំងស្ងួតកាលពីដើមឆ្នាំ បានប៉ះពាល់យ៉ាងខ្លាំងដល់ដំណាំអំពៅ ហើយលោកសង្ឃឹមថា នឹងមានភ្លៀងខ្លាំងនៅតំបន់នោះ ដែលអាចស្រោចស្រង់ទិន្នផលអំពៅបានប្រសើរឡើងវិញ។

គួរបញ្ជាក់ដែរថា តម្លៃអំពៅជាសកល ធ្លាប់ធ្លាក់ចុះខ្លាំងកាលពីឆ្នាំ ២០១២ ដោយសារបញ្ហាសេដ្ឋកិច្ច ធ្វើឲ្យបាត់បង់តម្រូវការ ប៉ុន្តែបច្ចុប្បន្នតម្លៃស្ករស កំពុងកើនឡើង ខណ:ទិន្នផលស្ករពីប្រទេសថៃធ្លាក់ចុះ៕

30176273-01

មតិយោបល់