ព័ត៌មានជាតិ

នារីវ័យក្មេងស្រវឹងស្រាបើករថយន្តបុករបងស្ថានទូចិន

ភ្នំពេញ: រថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយនារីវ័យក្មេងម្នាក់ក្នុងសភាពស្រវឹងស្រាជោកជាំ បានបើកឡើងលើចិញ្ចើមផ្លូវ រួចជ្រុលចង្កូតទៅបុករបងស្ថានទូតចិន សំណាងគ្មានអ្នករងរបួស គ្រាន់តែខូចខាតរថយន្ត និងបាក់បង្គោលលើចិញ្ចើមផ្លូវអស់ចំនួន៤បង្គោល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រថ្ងៃទី២៧ ខែ តុលា ឆ្នាំ ២០១៦ នៅចំណុចខាងលិចស្ថានទូតចិន ផ្លូវលេខ១៧៣ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក កាមរីហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២Q-៣១១៧ មួយគ្រឿង ដែលបើកបរដោយនារីវ័យក្មេងម្នាក់ក្នុងសភាពស្រវឹងស្រាជោកជាំ បើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ ក៏រេចង្កូតឡើងលើចិញ្ចើមផ្លូវ ហើយបុករះបង្គោលលើចញ្ចើមផ្លូវ រួចបុកផ្ទប់ទៅនឹងរបងជញ្ជាំងស្ថានទូតចិនទៅមុខលែងរួចតែម្តង។

ក្រោយពេលកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀត ដែលបើកបរដោយបុរសម្នាក់បម្រុងដឹកនារីវ័យក្មេងរូបនោះចេញពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងមានសម្ថកិច្ចមកទាន់ និងឃាត់ទុកធ្វើការដោះស្រាយទាន់ពេលវេលាផងដែរ។

បញ្ជាក់៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នើឡើយ ដោយគ្រាន់តែធ្វើឲ្យរថយន្តបង្ករងការខូចខាតយ៉ាងដំណំ និងបាក់បង្គោលលើចិញ្ចើមផ្លូវ៤ដើម។ រថយន្តបង្ក ត្រូវ កម្លាំងសមត្ថកិច្ចយករថយន្តមកស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ៕

photo_2016-10-27_15-21-36

photo_2016-10-27_15-21-32

photo_2016-10-27_15-21-34

មតិយោបល់