ក្រុមហ៊ុន Tan Chong Group មកពីប្រទេសម៉ាឡេស៊ី គ្រោងនឹងបោះទុនវិនិយោគលើ ការបង្កើតរោងចក្រតម្លើងរថយន្ត និងផលិតបំណែករថយន្ត នៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយកាលពីម្សិលមិញនេះ។
ក្រុមហ៊ុន Tan Chong Group មានប្រវត្តិជាង ៦០ឆ្នាំមកហើយ ក្នុងការតម្លើងរថយន្ត និងមានបទពិសោធន៍ ៤៥ឆ្នាំ ក្នុងការផលិតបំណែករថយន្ត ដែលបច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តម៉ាក Nissan, Infinity និង Datsun។
មកទល់ពេលនេះ ក្រុមហ៊ុនមានរោងចក្រនៅក្នុងប្រទេសវៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ហើយកំពុងស្នើសុំបើកនៅក្នុងប្រទេសកម្ពុជា ដែលការបើករោងចក្រជំហានដំបូង នឹងផ្តល់ការងារដល់បុគ្គលិកកម្ពុជាប្រមាណជាង ១ពាន់នាក់។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានស្វាគមន៍ចំពោះបំណងនេះ ដែលគម្រោងនេះ អាចជាជោគជ័យមួយ ស្របទៅនឹងគោលនយោបាយឧស្សាហកម្មកម្ពុជា ២០១៥-២០១៦។
គួរបញ្ជាក់ដែរថា ការតម្លើងរថយន្តម៉ាក Nissan នៅកម្ពុជា មិនត្រឹមតែបម្រើដល់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានទាំងមូល ដែលមានទីផ្សាររហូតទោដល់ជាង ៦០០លាននាក់៕
មតិយោបល់