ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពីបទចាប់ក្មេងជំរិតទារប្រាក់

រតនគិរីៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចចម្រុះខេត្តរតនគិរីឃាត់ខ្លួន ពីពាក់ព័ន្ធករណីចាប់ក្មេងជំរិតទារប្រាក់ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចចម្ការចន្ទី ស្ថិតនៅភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ។

សមត្ថកិច្ចបានឲ្យដឹងថា​ ដោយមានការសហការរវាងកម្លាំងជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត និងកម្លាំងអធិការស្រុកបរកែវ ដែលចង្អុលបង្ហាញណែនាំពីលោកស្នងការ និងក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការរងព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា បានឈានទៅធ្វើការឃាត់ជនសង្ស័យម្នាក់ឈ្មោះ ផន ប្រុស (ហៅសាន វែង) អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចៀរជ័រកៅស៊ូ ស្នាក់នៅភូមិបរកែវចាស់ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។ ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ក្មេងប្រុសឈ្មោះ គឹម ធួន អាយុ៩ឆ្នាំ ដែលខ្លួនបានចាប់កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នោះ គឺបានបញ្ជូនទៅភ្នំពេញជាមួយប្រពន្ធរបស់ខ្លួនដើម្បីទៅរកការងារធ្វើ ចំណែកខ្លួនបានឡើងមកខេត្តរតនគិរី ដើម្បីដោះស្រាយពីរឿងបងប្រុសរបស់ក្មេងរងគ្រោះជំពាក់លុយ។ នៅពេលណាដោះស្រាយរួច ខ្លួននឹងទាក់ទងជាមួយប្រពន្ធដើម្បីយកក្មេងប្រុសនោះមកប្រគល់ជូនឲ្យម្ដាយគេវិញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី ចំណែកក្មេងប្រុសសមត្ថកិច្ចទទួលបាននិងប្រគល់ជូនក្រុមគ្រួសារវិញ៕

ជំរិតទារប្រាក់ជំរិតទារប្រាក់

មតិយោបល់