ព័ត៌មានសុខភាព

ពិតទេលេបថ្នាំផ្តាសាយក្នុងពេលមានផ្ទៃពោះ ប៉ះពាល់ដល់កូន?

ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីគ្រប់រូបត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត ដើម្បីការពារជីវិតទារកដែលត្រៀមនឹងចាប់កំណើត។ ព្រោះដំណាក់កាលនេះស្ត្រីមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ដោយសារតែអ័រម៉ូនមានការប្រែប្រួល ហើយងាយនឹងឆ្លងជំងឺផ្សេងៗ ជាពិសេសផ្តាសាយ។

តើការប្រើថ្នាំផ្តាសាយក្នុងអំឡុងពេលមានផ្ទៃពោះ មានផលប៉ះពាល់ដល់កូនដែរឬទេ?

មានមនុស្សជាច្រើន នៅតែព្រួយបារម្ភចំពោះសារធាតុគីមីដែលផ្ទុកនៅក្នុងថ្នាំផ្តាសាយ ធ្វើឲ្យប៉ះពាល់ដល់ទារកមិនទាន់កើត។ ក៏ប៉ុន្តែ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ការប្រើប្រាស់ថ្នាំផ្តាសាយអាចមានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ។

ការស្រាវជ្រាវថ្មីមួយនៅក្នុងប្រទេស បារាំង បានធ្វើការស្ទង់មតិទៅលើស្ត្រីមានផ្ទៃពោះប្រមាណជាង ៦០០០នាក់ ដែលមានជំងឺផ្តាសាយ ហើយបានប្រើប្រាស់ថ្នាំផ្តាសាយក្នុងកម្រិតស្រាល។ លទ្ធផលបង្ហាញថា ការប្រើថ្នាំកម្រិតស្រាលមិនប៉ះពាល់ដល់អ្នកម្តាយ និងទារកមិនទាន់កើតនោះទេ។

ដូច្នេះ អ្នកជំនាញបានធ្វើការសន្និដ្ឋានថា ការប្រើប្រាស់ថ្នាំផ្តាសាយដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យមានជំនាញច្បាស់លាស់ គ្មានផលប៉ះពាល់ដូចអ្វីដែលអ្នកគិតនោះឡើយ៕

មតិយោបល់