ព័ត៌មានសុខភាព

៤ចំណុច បើឃើញកើតមាននៅលើចុងសុដន់ ដាច់ខាតកុំបណ្តោយ

តើអ្នកដឹងទេ? សូម្បីតែចុងសុដន់ក៏អាចបង្ហាញពីបញ្ហាសុខភាព​នៅក្នុងរាងកាយដែរ ប៉ុន្តែមនុស្សស្រីភាគច្រើនមិនដឹង​ឡើយ។ បើយោងតាម​វេជ្ជបណ្ឌិត Lili Jenner ដែលជាអ្នកជំនាញ​ផ្នែកវះកាត់សុដន់​នៅមជ្ឈមណ្ឌល Morris Town Medical Center សហរដ្ឋអាមេរិក បានបង្ហាញថា ប្រសិនបើ​ចុងសុដន់​របស់អ្នក​ប្រែប្រួល​ខុសប្រក្រតី​ណាមួយ​គួរតែប្រញាប់​ទៅជួបគ្រូពេទ្យ​ជាបន្ទាន់ ព្រោះវាអាច​ជាសញ្ញា​នៃជំងឺមហារីក ឬបញ្ហាសុខភាព​ផ្សេងៗទៀត។

១.ហូរសារធាតុរាវចេញពីចុងសុដន់
ក្នុងករណីដែលអ្នកមិនមាន​ផ្ទៃពោះ ឬបំបៅដោះកូនទេ ប៉ុន្តែមាន​ហូរសារធាតុរាវ​ដូចជាខ្ទុះ ចេញពីចុង​សុដន់​ដោយឯងៗ នោះ​បង្ហាញថា​ក្នុងសុដន់​របស់អ្នក​មានដុំពក ឬដុំសាច់​មហារីកសុដន់ហើយ។

២.ហូរឈាមតាមចុងសុដន់បន្ទាប់ពីធ្វើលំហាត់ប្រាណ
ពេលខ្លះការហូតឈាម​តាមចុង​សុដន់ អាចកើតឡើង​ដោយសារតែ​​ការកកិត​ជាមួយនឹង​សំលៀកបំពាក់ ឬអាវទ្រនាប់​ក្នុង​អំឡុង​ពេល​​ហាត់ប្រាណ។ ប៉ុន្តែប្រសិនបើ​​ចុងសុដន់​គ្មានប៉ះទង្គិច​ជាមួយអ្វីនោះទេ ហើយមានសភាព​​រមាស់ក្រហម និងមាន​​ហូរឈាម​ទៀតនោះ ត្រូវប្រញាប់​ទៅ​ពិគ្រោះជាមួយ​គ្រូពេទ្យ​ភ្លាម។

៣.ចុងសុដន់ដុះរោម
ប្រសិនបើចុងសុដន់ដុះរោមឆ្មាល់ៗ​ចេញពីរន្ធញើស ត្រូវបានគេចាត់ទុក​ជារឿងធម្មតា។ ទោះជាយ៉ាងណា ប្រសិនបើ​ចុងសុដន់​ដុះរោម​ច្រើន ហើយរន្ធរោម​មានការរលាក ក្រហម ហើម ឈឺចាប់ អ្នកមិនគួរ​បណ្តោយយូរឡើយ។

៤.ចុងសុដន់លិបចូលក្នុង
ប្រសិនបើចុងសុដន់របស់អ្នកលិបចូលក្នុង​ពិបាកនឹងលាង​សម្អាត គឺងាយនឹងឆ្លងមេរោគ​ខ្លាំងណាស់នៅ​ពេលមានផ្ទៃពោះ។ ចំណែកឯ​វិធីដោះស្រាយគ្មាន​អ្វីពិបាកនោះទេ គ្រាន់តែអ្នកឧស្សា​ទាញម៉ាស្សាជាញឹកញាប់​ ចុងសុដន់​នឹងលៀនមកវិញ។ ក៏ប៉ុន្តែ ប្រសិនបើចុងសុដន់​របស់អ្នកលិចក្នុង​ពេលវ័យជំទង់ គួរតែប្រញាប់ទៅ​គ្រូពេទ្យដើម្បី​រកដំណោះស្រាយភ្លាម៕

ប្រភពៈ rak sukapap

មតិយោបល់