ការស្រាវជ្រាវថ្មីមួយដែលបានធ្វើឡើងដោយមន្ទីរពេទ្យ Boston Children’s Hospital និង សាលាវេជ្ជសាស្ត្រ Harvard Medical School បានរកឃើញថា ការទទួលទានស៊ុត ក្នុងអំឡុងពេលមានផ្ទៃពោះ ឬបំបៅដោះកូន អាចជួយការពារបញ្ហាប្រតិកម្មអាឡែកស៊ីចំពោះទារក ដែលបណ្តោលមកពីអាហារ។
លោកវេជ្ជបណ្ឌិត James R. Baker បាននិយាយថា ការទទួលទានស៊ុតមិនត្រឹមតែជួយឲ្យកូនរួចផុតពីបញ្ហាអាឡែកស៊ីនោះទេ ថែមទាំងអាចជួយឲ្យស្ត្រីមានផ្ទៃពោះ ឬអ្នកម្តាយកំពុងតែបំបៅដោះកូនមានសុខភាពល្អផងដែរ។ លោក Baker បានបន្ថែមទៀតថា ការទទួលទានអាហារបំប៉នច្រើនក្នុងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន អាចជួយទប់ស្កាត់ការកើតមានបញ្ហាអាឡែកស៊ីនៅពេលទារកកំពុងតែវិវឌ្ឍន៍ ហើយអាចការពារមិនឲ្យទារកជួបបញ្ហាអាឡែកស៊ី ដោយសារតែការទទួលទានចំណីអាហារថែមទៀត។
ទោះជាយ៉ាងណា អ្នកម្តាយដែលកើតមានជំងឺអាឡែកស៊ីរួចទៅហើយ បើទោះបីជាញ៉ាំស៊ុតក្នុងអំឡុងពេលមានផ្ទៃពោះ ឬកំពុងបំបៅដោះកូនច្រើនយ៉ាងណា ក៏មិនអាចទប់ស្កាត់បញ្ហាអាឡែកស៊ីចំពោះទារកដែរ។ ទន្ទឹមនឹងនេះផងដែរ លោក Baker បានកត់សម្គាល់ឃើញថា ស៊ុតសម្បូរប្រូតេអ៊ីនច្រើន ដែលអាចជំនួយដល់ស្រទាប់ពោះវៀនរបស់ទារក ជួយកសាងប្រព័ន្ធភាពស៊ាំរបស់ទារកដែលកំពុងតែលូតលាស់ និងបង្កើតកោសិកាការពារមិនឲ្យកើតមានបញ្ហាប្រតិកម្មអាឡែកស៊ីនៅពេលទទួលទានអាហារ។
លទ្ធផលនៃការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅក្នុងកាសែត Experimental Medicine។ ក៏ប៉ុន្តែសូមបញ្ជាក់ផងដែរថា ស៊ុតដែលមានសុវត្ថិភាពបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ ហើយផ្តល់អត្ថប្រយោជន៍ពេញលេញ គឺស៊ុតស្ងោរ៕
ប្រភព៖ thehealthsite
មតិយោបល់