ព័ត៌មានសុខភាព

មូលហេតុចម្បងដែលធ្វើឲ្យមនុស្សវ័យក្មេងកើតជំងឺខ្លាញ់រុំថ្លើម

បច្ចុប្បន្ននេះ នៅក្នុងចំណោមមនុស្សពេញវ័យ៤នាក់ គឺមានម្នាក់ទៅហើយ ដែលកើតជំងឺខ្លាញ់រុំថ្លើម។ អ្នកជំនាញបានរកឃើញថា ជំងឺខ្លាញ់រុំថ្លើម កើតឡើងដោយសារតែភាពធាតុជ្រុលរបស់អ្នកម្តាយ ការជក់បារី និងផឹកស្រាជាដើម។ ជាពិសេសទារកដែលបៅទឹកដោះម្តាយតិចជាង៦ខែ ត្រូវប្រឈមនឹងការកើតជំងឺខ្លាញ់រុំថ្លើម រហូតដល់៤០ភាគរយ។

លើសពីនេះទៅទៀត កុមារដែលកើតចេញពីម្តាយដែលធាត់នៅពេលចាប់ផ្តើមមានផ្ទៃពោះ អាចមានហានិភ័យវិវត្តទៅរកជំងឺថ្លើម២ដង នៅពេលពួកគេឈានដល់វ័យជំទង់។

អ្នកស្រាវជ្រាវមួយរូបដែលមានឈ្មោះថា Oyekoya T នៅសាលកវិទ្យាល័យ Western Australia មានប្រសាសន៍ថា «ការថែរក្សាទម្ងន់មិនឲ្យធាត់ជ្រុលក្នុងពេលមានផ្ទៃពោះ និងការបំបៅដោះលើសពី៦ខែ គឺមានសារៈសំខាន់ណាស់សម្រាប់ថ្លើមរបស់កូនទៅថ្ងៃអនាគត់»។

ចំណែកឯកុមារដែលកើតចេញពី អ្នកម្តាយមានទម្លាប់ជក់បារីនៅក្នុងអំឡុងពេលមានផ្ទៃពោះ ក៏ប្រឈមនឹងបញ្ហាកើតជំងឺខ្លាញ់ក្នុងថ្លើម ដែរ។ នេះបើតាមការសិក្សាដែលចុះផ្សាយក្នុងទស្សាវដ្តី Journal of Hepatology ទៅលើក្មេងវ័យជំទង់ ១.១០០នាក់ ដែលមានអាយុ១៧ឆ្នាំឡើងទៅ។

ទន្ទឹមនឹងនេះផងដែរ អ្នកជំនាញបានដាស់តឿន ក៏ដូចជាជំរុញឲ្យស្ត្រីទាំងឡាយគួរតែជៀសវាងជក់បារី ផឹកស្រាក្នុងអំឡុងពេលមានផ្ទៃពោះ ហើយព្យាយាមបំបៅដោះកូនឲ្យបានច្រើនខែ ដើម្បីសុខភាពកូនទៅថ្ងៃអនាគត់៕

មតិយោបល់