ព័ត៌មានជាតិ

រថយន្តបុករថយន្តបង្កឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល៤នាក់!

កណ្ដាល: ករណីគ្រោះថ្នាក់ចររាចរណ៍មួយរវាងរថយន្តនិងរថយន្តបានបង្កឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល៤នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៥០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក Hyandai ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE-2713 បើកបរដោយឈ្មោះ អែល ទីរ៉ូ ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានអ្នករួមដំណើរម្នាក់ឈ្មោះ ឆែម សុឃាន់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិជ័យមង្គល ឃុំជ្រាបស្រុកសន្ទុក ខេត្តកំពង់ធំ។ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្ត មួយគ្រឿងម៉ាកវីហ្គូ ពណ៌ស ពាក់ស្លាកលេខរដ្ឋ16.2.0495 បើកបរដោយឈ្មោះ ហុង ម៉េងសុង ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅផ្ទះលេខ19E3 ផ្លូវលេខ១៦៦ សង្កាត់អូឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ដោយមានអ្នករួមដំណើរម្នាក់ ឈ្មោះចាន់ សុភា ភេទប្រុសអា យុ៤៩ឆ្នាំ មានទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដែលធ្វើដំណើរពីជើងទៅត្បូងបណ្ដាលឲ្យ របួសធ្ងន់ដល់ ឈ្មោះ អែល ទីរ៉ូ និងរបួសស្រាលដល់ឈ្មោះឆែម សុឃាន់ ហុង ម៉េងសុង និងឈ្មោះចាន់ សុភា ហើយបានបញ្ចូនទៅព្យាបាល នៅពេទ្យបង្អែករការកោង។

ក្រោយពេលកើតហេតុរថយន្តទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់