ព័ត៌មានសុខភាព

ទម្លាប់ប្រចាំថ្ងៃ៧ចំណុច អាចជួយកាត់បន្ថយបញ្ហាឈឺខ្នងចង្កេះបាន

ដោយសារតែភាពមមាញឹកជាមួយនឹងការងារខ្លាំងពេក ទើបធ្វើឲ្យមនុស្សម្នាក់ៗអង្គុយយូរដោយគ្មានការផ្លាស់ប្តូរឥរិយាបទណាមួយឡើយ។ នេះហើយជាមូលហេតុចម្បង ដែលយើងគ្រប់គ្នាកំពុងតែបំផ្លាញ់ឆ្អឹងខ្នងខ្លួងឯងទាំងមិនដឹងខ្លួន។ ប៉ុន្តែ បើយោងតាមគេហទំព័រ soha បានបង្ហាញថា បញ្ហាឈឺខ្នងចង្កេះអាចដោះស្រាយបាន ប្រសិនបើអ្នកព្យាយាមអនុវត្តតាមវិធីសាមញ្ញ៧ចំណុច។

នៅពេលគេង
រាល់ពេលគេងអ្នកត្រូវដាក់ខ្នើយមួយកល់នៅក្រោមជង្គង់ ដើម្បីលើកជើងឲ្យខ្ពស់បន្តិច និងកាត់បន្ថយសម្ពាធមកលើខ្នង។ បើពុំដូច្នោះទេ ខ្នងរបស់អ្នកនឹងបន្ថែមសម្ពាធបន្តិចម្តងៗ ហើយយូរៗទៅច្បាស់ជាមានការឈឺចាប់កើតឡើងជាពុំខាន។

ធ្វើលំហាត់ប្រាណ
សូមធ្វើលំហាត់ប្រាណដោយធ្វើចលនាបង្វិលចង្កេះ យ៉ាងហោចណាស់១៥ទៅ២០នាទីជារៀងរាល់ថ្ងៃ។ លើសពីនេះទៅទៀត អ្នកត្រូវឧស្សាហ៍ពត់ខ្លួនទៅមុខ ឬទៅក្រោយផងដែរ ដើម្បីកាត់បន្ថយការឈឺខ្នង។

គ្រប់គ្រងទម្ងន់
ការលើសទម្ងន់ ឬធាត់ គឺជាមូលហេតុចម្បងដែលនាំឲ្យមានការឈឺចាប់ឆ្អឹងខ្នង ព្រោះឆ្អឹងខ្នងត្រូវទទួលបន្ទក់ក្នុងការទ្រទម្ងន់រាល់ថ្ងៃ។ ដូច្នេះ ការរក្សាទម្ងន់ឲ្យនៅស្ថិតស្ថេរជានិច្ច គឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់សុខភាពឆ្អឹងខ្នង។

រក្សាឥរិយាបទឲ្យបានត្រឹមត្រូវ
ប្រសិនបើអ្នកអង្គុយ ឬឈរ មិនបានត្រឹមត្រូវនោះទេ អាចបណ្តោយឲ្យអាការឈឺឆ្អឹងខ្នងកើតមានឡើងជាមិនខាន។ យកល្អ អ្នកគួរតែព្យាយាមប្រកាន់ឥរិយាបទឈរ ឬអង្គុយ ឲ្យត្រង់ខ្លួនជានិច្ច។

ទទួលទានជាតិកាល់ស្យូម
ការបន្ថែមអាហារដែលសម្បូរទៅដោយជាតិកាល់ស្យូមដូចជា ទឹកដោះគោ ស៊ុត ត្រី… នៅក្នុងរបបអាហារជាប្រចាំថ្ងៃ អាចជួយពង្រឹងឆ្អឹងកងខ្នងឲ្យរឹងមាំ និងកាត់បន្ថយការឈឺចាប់ផងដែរ។

ការពាក់ស្បែកជើង
អ្នកគួរតែជ្រើរើសស្បែកជើងដែលងាយស្រួលក្នុងការដើរ ប៉ុន្តែមិនត្រូវប្រើស្បែកជើងកែងចោតនោះឡើយ ព្រោះវាងអាចដាក់សម្ពាធលើឆ្អឹងខ្នង ដែលនាំឲ្យមានការឈឺចាប់ទៅថ្ងៃក្រោយ។

ឈប់ជក់បារី
ការស្រាវជ្រាវមួយបានបង្ហាញថា ការជក់បារីអាចជំរុញកើតមានការរលាកក្នុងរាងកាយ និងបណ្តោលឲ្យមានបញ្ហាឈឺឆ្អឹងខ្នង។ អាស្រ័យហេតុនេះ អ្នកគួរតែជៀសវាងទម្លាប់ជក់បារីឲ្យបាន ប្រសិនបើមិនចង់កើតជំងឺមួយនេះ៕

មតិយោបល់