ព័ត៌មានសុខភាព

គុណវិបត្តិនៃពងទាកូន អ្នកចូលចិត្តទទួលទានគួរយល់ឲ្យច្បាស់

តើអ្នកណាខ្លះចូលចិត្តទទួលទានពងទាកូន? ថ្វីបើពងទាកូនសម្បូរសារធាតុចិញ្ចឹមក៏ពិតមែន ប៉ុន្តែអ្នកត្រូវដឹងថា ការទទួលទានជ្រុលពេកក៏មិនល្អសម្រាប់រាងកាយដែរ។ ដូច្នេះហើយ អ្នកត្រូវស្វែងយល់ពីផលប៉ះពាល់ឲ្យបានច្បាស់ មុននឹងទទួលទាន។


ទទួលទានពងទាកូនជាមួយជីប៉ះពាល់ដល់ផ្លូវភេទ

ជាទូទៅ គេតែងតែយកជីធ្វើជាបន្លែសម្រាប់ផ្ទាប់ជាមួយពងទាកូន ក៏ប៉ុន្តែការទទួលទានជីច្រើនពេក អាចធ្វើឲ្យបុរសខ្សោយផ្លូវភេទ។

ទទួលទានពងទាកូនខុសពេលខូចប្រព័ន្ធរំលាយអាហារ
មនុស្សភាគច្រើនតែងតែទទួលទានពងទាកូននៅពេលល្ងាច តែអ្នកជំនាញបានបង្ហាញថា ពងទាកូនគួរទទួលទាននៅពេលព្រឹកល្អជាង ព្រោះវាជាអាហារដែលពិបាករំលាយ។ ប្រសិនបើអ្នកទទួលទាននៅពេលល្ងាចវិញ វានឹងធ្វើឲ្យពិបាករំលាយ បណ្តោលឲ្យហើមពោះ ហើយអាចខូចក្រពះថែមទៀត។

ទទួលទានពងទាកូនម្តងច្រើនគ្រាប់ប៉ះពាល់ដល់សរសៃឈាម
ពងទាកូនមានផ្ទុកប្រូតេអ៊ីន វីតាមីន និងសារធាតុចិញ្ចឹមចាំបាច់ដ៏ច្រើនលើសលប់ ដូច្នេះប្រសិនបើអ្នកទទួលទានពងទាកូនច្រើនពេក វាអាចធ្វើឲ្យកម្រិតកូឡេស្តេរ៉ុលក្នុងឈាមកើនឡើង ដែលបណ្តាលឲ្យអ្នកកើតជំងឺបេះដូង លើសឈាម និងទឹកនោមផ្អែមជាដើម។
យកល្អ សម្រាប់ក្មេងវ័យជំទង់គួរតែទទួលទានពងទាកូន ២គ្រាប់ក្នុងមួយសប្តាហ៍បានហើយ។

ប៉ះពាល់ដល់កុមារក្រោមអាយុ៥ឆ្នាំ
កុមារក្រោមអាយុ៥ឆ្នាំ គួរតែជៀសវាងពងទាកូន ព្រោះក្នុងអំឡុងពេលនេះប្រព័ន្ធរំលាយអាហាររបស់ពួកគេនៅមានភាពទន់ខ្សោយ ដែលងាយប្រឈមនឹងបញ្ហាហើមពោះ ខូចប្រព័ន្ធរំលាយ ប៉ះពាល់ដល់សុខភាពផ្សេងៗ។ តែប្រសិនបើជៀសមិនបានទេ អ្នកគួរតែឲ្យពួកគេទទួលទានម្តង១ចំហៀង ហើយក្នុងមួយសប្តាហ៍អនុញ្ញាតត្រឹមតែ១ទៅ២ដងបានហើយ។

ស្ត្រីមានផ្ទៃពោះគួរកាត់បន្ថយ
បើយោងតាមក្រុមអ្នកជំនាញបានបង្ហាញថា ពងទាកូនសម្បូរទៅដោយសារធាតុចិញ្ចឹមយ៉ាងច្រើនសន្ធឹកសន្លាប់ ហេតុនេះស្ត្រីមានផ្ទៃពោះមិនគួរទទួលទានរាល់ថ្ងៃឡើយ។ ពួកគេអាចទទួលទានពងទាកូនត្រឹមតែ ២គ្រាប់ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ តែមិនត្រូវទទួលទានម្តងទាំង២គ្រាប់នោះទេ។


អ្នកដែលមិនគួរទទួលទានពងទាកូន

ត្រូវចាំថា ប្រសិនបើអ្នកមានជំងឺលើសឈាម ទឹកនោមផ្អែម រោគថ្លើម ខ្លាញ់ក្នុងថ្លើម សរសៃឈាមបេះដូង ឈឺសន្លាក់ឆ្អឹង.ល. ហាមទទួលទានពងទាកូនឲ្យសោះ ព្រោះវាអាចធ្វើឲ្យស្ទះសរសៃឈាម ដែលបណ្តាលឲ្យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល៕

មតិយោបល់