មហារីកមាត់ គឺជាជំងឺមួយប្រភេទស្ថិតនៅក្នុងចំណោមជំងឺមហារីកជាច្រើន ដែលអាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ហើយបើបណ្តោលទុកយូរអាចគ្រោះថ្នាក់ដល់ជីវិត។ មូលហេតុចម្បងដែលនាំឲ្យកើតជំងឺមហារីកមាត់ គឺទម្លាប់នៃការជក់បារី ដូច្នេះអ្នកគួរតែប្រុងប្រយ័ត្នឲ្យមែនទែន ជាពិសេសត្រូវចេះសង្កេតមើលពីរោគសញ្ញាដំបូងរបស់វាដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា។
រង្គើធ្មេញទាំងអស់
ប្រសិនបើគ្មានការប៉ះទង្គិះអ្វីទាំងអស់ ហើយនៅសុខៗស្រាប់តែធ្មេញរបស់លោកអ្នករង្គើទាំងអស់ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ដើម្បីឲ្យដឹងពីមូលហេតុច្បាស់លាស់ និងធ្វើការព្យាបាលទាន់ពេល។
ដុះដុំសាច់ ឬកន្ទួលទាំងផ្ទាំងៗនៅក្នុងមាត់
ការដុះដុំសាច់ ឬកន្ទួលទាំងផ្ទាំងៗនៅក្នុងបរិវេនមាត់ ឬនៅលើអណ្តោត គឺជាសញ្ញានៃជំងឺមហារីកដែលកំពុងតែអភិវឌ្ឍ។
ពងបែកនៅក្នុងមាត់
ក្នុងករណីខ្លះពងបែកសៗ ឬក្រហម ពុំបណ្តោលឲ្យមានការឈឺចាប់នោះទេ ក៏ប៉ុន្តែវាអាចធ្វើឲ្យហូរឈាមដោយមិនដឹងខ្លួន។ នៅពេលពងបែកនេះកើតមានយូរជាង៣សប្តាហ៍មិនព្រមបាត់ អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកវិធីដោះស្រាយជាបន្ទាន់។
ដុះដុំសាច់ក្នុងបំពងក
ប្រសិនបើអ្នកនៅសុខៗស្រាប់តែអ្នកមានអារម្មណ៍ថា មានអ្វីមួយជាប់នៅក្នុងបំពងក ឬទើសៗនៅពេលដែលលេបអាហារចូល នោះមានន័យថា ក៏ជារោគសញ្ញានៃជំងឺមហារីកមួយដែរ។
ស្ពឹកមាត់ ឬអណ្តោត
អាការស្ពឹកមាត់ ឬអណ្តោត លែងមានអារម្មណ៍រំញោចនៅពេលដែលដាក់របស់ចូលក្នុងមាត់ ឬក៏ភ្លក្សអាហារអ្វីក៏មិនដឹងរសជាតិ បានន័យថាកោសិកាមហារីកកកំពុងតែរំខានដល់សញ្ញានៃសរសៃប្រសាទហើយ។ ការស្ពឹកនេះ នឹងធ្វើឲ្យអ្នកចេះតែហៀរទឹកមាត់ដោយមិនដឹងខ្លួន និងពិបាកក្នុងការទំពារអាហារ៕

ប្រភពៈpinoyhealthguide
មតិយោបល់