ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្ដែង និងពិធីករ៣រូប ត្រូវបានប្រកាសជាតារាចម្រៀងពេញសិទ្ធិរបស់ BN

ក្នុងប៉ុន្មានថ្ងៃនេះ ផលិតកម្មBN ដែលទើបបាត់បង់សមាជិកចាស់គឺកញ្ញាច័ន្ទម៉ាលីស ម្ចាស់បទ«ទាល់តែយូរបានស៊ីអូនបាន» បានបញ្ចេញឈ្មោះតារាចម្រៀងថ្មីជាច្រើនរូប ឲ្យក្លាយជាសមាជិកថ្មីរបស់ខ្លួន។ ក្នុងចំណោមសមាជិកដែលបានបញ្ចូលថ្មី គេកត់សម្គាល់ឃើញសមាជិកថ្មី៣រូប គឺតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំងនៅក្នុងពិភពសិល្ប:ទៅហើយ ក្នុងពេលដែលតារាទាំង៣នោះក៏ត្រូវគេស្គាល់ថាមិនមែនជាតារាចម្រៀងពីមុនមកទៅទៀត។

លោក យន សុភ័ក្រ នៅក្នុងពិភពសិល្ប:គេដឹងយូរមកហើយថាលោកគឺជាតារាសម្ដែង។ លោកបានបញ្ចេញស្នាដៃភាពយន្ត និងស្ពតអប់រំមិនតិចនោះទេនាពេលកន្លងមក។ បើទោះជាលោកឧស្សាហ៍ច្រៀងលេងនៅលើហ្វេសប៊ុក ហើយត្រូវគេកត់សម្គាល់ថាមានទឹកដមសំឡេងអាចប្រើការបាន ប៉ុន្តែមិនមានមនុស្សច្រើនទេនឹកស្មានថាលោកអាចត្រូវបានបញ្ជូលជាតារាចម្រៀងថ្មីរបស់ផលិតកម្មBN បានក្នុងពេលដែលផលិតកម្មនេះក៏បានគេស្គាល់ថាជាផលិតកម្មដែលមានកម្រិតប្រកួតប្រជែងមួយដែរ។ លោកត្រូវគេអះអាងថានឹងត្រៀមបទចម្រៀង Original មួយចំនួនវាយលុកទីផ្សារ ដោយផ្អែកតាមប្រជាប្រិយភាពរបស់លោកគឺជាតារាល្បីផ្នែកសម្ដែងស្រាប់ ក៏ត្រូវគេរំពឹងថានឹងអាចទាក់ទាញទីផ្សារមិនណយដែរ។

លោក នីរិទ្ធិ អែនឌ្រូ បេក្ខភាពដែលត្រូវគេស្គាល់ថាមានគ្រឹះចេញពីការប្រលងក្នុងកម្មវិធីពេជ្រកំពុងច្នៃរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍រូបនេះ រឹតតែមិនមានអ្នកស្មានដល់ទៅទៀតថាលោកនឹងក្លាយវិវឌ្ឍខ្លួនក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ផលិតកម្មចម្រៀងណាមួយ។ ក្នុងរយ:ពេល៧ឆ្នាំនៅលើវិថីសិល្ប:គេស្គាល់លោកត្រឹមតែជាពិធីករប្រចាំនៅប៉ុស្ដិ៍លេខ៩ និងបានបង្ហាញខ្លួនជាពិធីករក្នុងកម្មវិធីតូចធំខាងក្រៅប៉ុណ្ណោះ ទើបការប្រកាសថាលោកក៏ជាសមាសថ្មីម្នាក់នៅក្នុងផលិតកម្មBN ហាក់ជួយឲ្យអ្នកគាំទ្រច្រើនឡើងងាកមកចាប់អារម្មណ៍នឹងតំណែងថ្មីនេះរបស់លោក។ លោកត្រូវបានប្រកាសនឹងត្រៀមចេញ២បទបើកឆាកសម្រាប់ Original Songក្នុងពេលដែលលោកក៏ដាក់ដូចគ្នាថាប្រជាប្រិយភាពដែលគេស្គាល់លោកថាជាពិធីករមួយរូប ពិតជាជួយឲ្យបទចម្រៀងរបស់លោកទទួលការចាប់អាម្មណ៍នៅពេលចេញផ្សាយ។

លោក សុខ ដែន តារាសម្ដែងផ្នែកវាយតប់នៅក្នុងភាពយន្តឡើងគេស្គាល់ច្បាស់ដូចថ្ងៃរូបនេះ រឹតតែធ្វើឲ្យភ្ញាក់ផ្អើលនៅពេលសុខៗលោកក៏ត្រូវបានផលិតកម្មប្រកាសគឺជាតារាចម្រៀងពេញសិទ្ធិរបស់BNទន្ទឹមនឹងវត្តមានតារាថ្មីៗច្រើនរូប។ យ៉ាងណាមិញ គេចាប់អារម្មណ៍ថាលោកមានសំណាងខ្ពស់ជាងអ្នកចូលប្រហែលគ្នាដោយសារតែលោកមានបទចម្រៀងចេញបង្ហោះរួចទៅហើយ ក្នុងពេលដែលមានការប្រកាសថាលោកត្រូវបានជ្រើសជាផ្លូវការឲ្យក្លាយជាតារាចម្រៀងនោះ។ មកទល់ពេលនេះបទចម្រៀង«អូនជាកម្លាំងចិត្ត»របស់លោកមិនទាន់ត្រូវបានគេផ្ដោតការចាប់អារម្មណ៍នៅឡើយទេ ប៉ុន្តែលោករំពឹងថានឹងមានទីផ្សារកម្រើកបន្ថែមពីលើសម្ដែងក្នុងពេលដ៏ខ្លីក្រោមការជ្រោមជ្រែងរបស់BN។

លោក គីម ថាណា អ្នកចាត់ការទូទៅប្រចាំផលិតកម្មបានអះអាងថា ដោយសារតែលោកចង់កន្ទ្រាក់ការចាប់អារម្មណ៍ទើបលោកប្រើយុទ្ធសាស្រ្តជ្រើសយកតារាដែលមានទីផ្សារស្រាប់នៅក្នុងពិភពសិល្ប:ឲ្យធ្វើជាសមាជិកថ្មី។ យ៉ាងណាមិញលោកថាតារាទាំងនោះដ្បិតថាចេញពីប្រភពសម្ដែង និងពិធីករមែន ប៉ុន្តែក៏ត្រូវមានទឹកដមសំឡេងពីរោះដើម្បីក្លាយខ្លួនជាតារាចម្រៀងបានដែរ៕

មតិយោបល់