ព័ត៌មានសុខភាព

ជំងឺមហារីក៥ប្រភេទ ដែលពិបាករកមើលរោគសញ្ញា ប៉ុន្តែងាយនឹងសម្លាប់មនុស្សប្រុសខ្លាំងបំផុត

ជំងឺមហារីកមួយចំនួនដែលកើតមានឡើងចំពោះមនុស្សប្រុស ពិតជាពិបាករកមើលរោគសញ្ញាខ្លាំងណាស់ រហូតទាល់តែមានអាការធ្ងន់ធ្ងន់ទើបដឹង នេះហើយជាមូលហេតុដែលធ្វើឲ្យពិបាកក្នុងការព្យាបាល ឬអ្នកជំងឺត្រូវប្រការឈមនឹងបាត់បង់ជីវិតច្រើន។

បើយោងតាមរបាយការណ៍ចេញពីមជ្ឈមណ្ឌល់ American Cancer Society ក្នុងឆ្នាំ២០១៧នេះបានឲ្យដឹងថា មនុស្សជិត១,៧លាននាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីក ហើយមានច្រើនជាង៦០០,០០០នាក់ បានស្លាប់ដោយសារតែជំងឺដ៏កាចសាហាវមួយនេះ។ មិនតែប៉ុណ្ណោះជំងឺមហារីក បានជះឥទ្ធិពលទៅលើមនុស្សប្រុងខ្ពស់ជាងមនុស្សស្រីរហូតដល់ទៅ ២០ភាគរយ។

១.ជំងឺមហារីកសួត
ក្នុងចំណោមអ្នកកើតជំងឺមហារីកសួតទាំងអស់ មានតែ១៦ភាគរយតែប៉ុណ្ណោះ ដែលត្រូវបានគេរកឃើញរោគសញ្ញាដំណាក់កាលដំបូងរបស់វា ហើយរហូតមកដល់ពេលនេះមានអ្នកជំងឺតែ៤ភាគរយប៉ុណ្ណោះ ដែលនៅរស់រាន្តមានជីវិតក្រោយរយ:ពេល៥ឆ្នាំ។

មនុស្សភាគច្រើនយល់ថា ការជក់បារី គឺជាដើមហេតុតែមួយគត់ដែលបង្កជាជំងឺមហារីកសួត ប៉ុន្តែគំនិតមួយនេះគឺសុខទាំងស្រុង នេះបើយោងតាមលោក David Ross Camidge ដែលជាអ្នកជំនាញផ្នែកជំងឺមហារីកសួតនៅសាលកវិទ្យាល័យ Colorado ។ សូម្បីតែការក្អក ជំងឺហឺត ឬរលាកទងសួត ក៏អាចបណ្តោលឲ្យកើតជំងឺមហារីកសួតបានដែរ ប្រសិនបើស្ថានភាពមានរយ:ពេល២ទៅ៣ខែហើយនៅតែមិនបាត់។

២.ជំងឺមហារីកពោះវៀនធំ
ជំងឺមហារីកពោះវៀនធំ ត្រូវបានគេចាត់ទុកជាមូលហេតុទី២ ដែលនាំឲ្យមនុស្សស្លាប់ច្រើនជាងគេនៅទឹកដីសហរដ្ឋអាមេរិក។ ភាគច្រើន ករណីនេះកើតមានចំពោះបុរសដែលមានវ័យលើ៥០ឆ្នាំ ហើយវាក៏កំពុងតែកើនឡើងចំពោះមនុស្សវ័យក្មេងផងដែរ។ លោកបណ្ឌិត William Grady អ្នកជំនាញជំងឺមហារីកពោះវៀនធំ និងរន្ធគូថ បាននិយាយថា ជំងឺមហារីកពោះវៀនធំ និងរន្ធគូថ មិនងាយបង្ហាញរោគសញ្ញាជាក់លាក់នោះទេ ហើយភាគច្រើនទាល់តែអ្វីៗហួសពេលទើបដឹងការពិត។

លោកវេជ្ជបណ្ឌិត Grady បានបន្ថែមទៀតថា ជំងឺមហារីកពោះវៀនធំ ឬរន្ធគូថ មានប្រហែលជាមួយភាគដប់ ត្រូវបានកើតឡើងដោយសារតែដុំសាច់ដែលធ្វើការវិវត្តទៅជាជំងឺមហារីកក្នុងរយ:ពេល ១០ទៅ១៥ឆ្នាំ។ តែប្រសិនបើអ្នកធ្វើតេស្តរកឃើញរោគសញ្ញាដំបូង អាចកម្ចាត់ដុំសាច់នេះបានយ៉ាងងាយ ជាពិសេសចំពោះអ្នកដែលធ្លាប់មានប្រវត្តិគ្រួសារកើតជំងឺនេះត្រូវតែប្រុងប្រយ័ត្ននៅពេលឈានដល់វ័យ៤០ឆ្នាំ។ ចំពោះអ្នកដែលរកឃើញរោគសញ្ញាយឺតពេល គឺមានតែម្នាក់ប៉ុណ្ណោះនៅក្នុងចំណោមអ្នកជំងឺ២០នាក់ ដែលមានសង្ឃឹមអាចព្យាបានជា។

៣.ជំងឺមហារីកលំពែង
សមាគមន៍ជំងឺមហារីក អាមេរិក បានប៉ាន់ប្រមានថា បុរសប្រហែលជា ២៧,៩៧០នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញជំងឺមហារីកលំពែងក្នុងឆ្នាំ ២០១៧នេះ។ លោកវេជ្ជបណ្ឌិត Grady មានប្រសាសន៍ថា មូលហេតុមួយនៅក្នុងចំណោមមូលហេតុជាច្រើនដែលបណ្តោលឲ្យមនុស្សស្លាប់ជារៀងរាល់ឆ្នាំ គឺជំងឺមហារីកលំពែង។

ជំងឺមហារីកលំពែង តែងតែរាលដាលទៅដល់ថ្លើម មុនពេលដែលអ្នករកឃើញរោគសញ្ញាជាក់លាក់។ នេះក៏ដោយសារតែស្រទាប់ខាងក្រៅរបស់លំពែងមានភាពស្តើង ដែលជាមូលហេតុធ្វើជំងឺមហារីកលំពែងងាយនឹងរាលដាល។ ជាងនេះទៅទៀត លំពែងគឺស្ថិតនៅក្នុងរាងកាយជ្រៅជាងសរីរាង្គផ្សេងៗទៀត ដែលធ្វើឲ្យគ្រូពេទ្យមិនអាចរកឃើញការវិវត្តដុំសាច់នៅដំណាក់កាលដំបូងបានទេ។ លោកវេជ្ជបណ្ឌិត Grady បានបន្ថែមទៀតថា មានតែការនៅឲ្យឆ្ងាយពីបារី និងរក្សាទម្ងន់ឲ្យនៅឋិតស្ថេរនោះទេ ទើបជាវិធីសាស្ត្រដ៏ល្អក្នុងការជួយខ្លួនរបស់អ្នកឲ្យរួចផុតពីជំងឺមហារីកលំពែង។

៤.មហារីកស្បែក
បើយោងតាមលោកវេជ្ជបណ្ឌិត Tara Gangadhar ជាសាស្ត្រាចារ្យរងផ្នែកជំងឺមហារីកស្បែកនៃសាលកវិទ្យាល័យ Pennsylvania បានបង្ហាញថា មនុស្សប្រុសមានហានិភ័យឈានទៅរកជំងឺមហារីកស្បែកខ្ពស់មនុស្សស្រី ដោយសារតែភាពខុសគ្នានៃប្រព័ន្ធភាពស៊ាំ។

វាមិនងាយស្រួលនោះទេក្នុងការសម្គាល់ភាពមិនប្រក្រតីនៃស្បែកតាមរយ: ប្រជ្រុយ ដែលមានពណ៌ក្រហម ឬផ្កាឈូក ព្រោះជារឿយៗមនុស្សជាច្រើនតែងតែយល់ប្រលំថា ជាការដុះឬស ឬដុះសាច់ធម្មតា។ ប៉ុន្តែ ប្រសិនបើលោកអ្នកមិនអើពើលើសញ្ញាគួរឲ្យសង្ស័យមួយនេះ អាចបណ្តោលឲ្យគ្រោះថ្នាក់ដល់ជីវិតបាន។ បើទោះបីជាអ្នកធ្វើការវះកាត់ក៏ដោយ ក៏វាអាចរីករាលដាលទៅដល់សរីរាង្គដទៃទៀតដូចជា សួត ថ្លើម ឬខួរក្បាល ហើយកាន់តែពិបាកក្នុងការព្យាបាល។
លោកបណ្ឌិត Gagadhar បានណែនាំទៀតថា អ្នកគួរតែតាមដានស្ថានភាពស្បែកដោយខ្លួនឯង ប្រសិនបើមានភាពមិនប្រក្រតីណាមួយដូចជា ដុះប្រជ្រុយមានពណ៌ចម្លែក ហូរឈាម កើតដំបៅមិនងាយជា… គួរតែប្រញាប់ទៅជួបគ្រូពេទ្យ។ បើទោះបីជាអ្នកប្រើឡេការពារកម្តៅព្រះអាទិត្យក៏ដោយ ក៏នៅតែមានហានិភ័យខ្ពស់នៃជំងឺមហារីកស្បែកដែរ។

៥.មហារីកថ្លើម
បើយោងតាមរបាយការណ៍ចុងក្រោយរបស់មជ្ឈមណ្ឌល់ American Cancer Society បានបង្ហាញថា ក្រោយពីធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីករយ:ពេល៥ឆ្នាំ ក្នុងចំណោមអ្នកជំងឺ៥នាក់ គឺមាន១នាក់ប៉ុណ្ណោះដែលរស់រាន្តមានជីវិត។ លើសពីនេះទៅទៀតគិតត្រឹមឆ្នាំ ២០១៧នេះ មានបុរសប្រមាណជា ២៩,០០០នាក់ កំពុងតែកើតជំងឺនេះនៅប្រទេសសហរដ្ឋអាមេរិក។
លោកវេជ្ជបណ្ឌិត Kim Miller មានប្រសាសន៍ថា រហូតមកដល់ពេលនេះ វិធីធ្វើតេស្តរករោគសញ្ញាដំបូងនៃជំងឺមហារីកថ្លើមមានការរីកចម្រើនតិចតួច ក៏ប៉ុន្តែវាមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ ម្យ៉ាងវិញទៀត ថ្លើមត្រូវបានគ្របដណ្តប់ទៅដោយឆ្អឹងជំនីទាំងសងខាង ដែលជាហេតុធ្វើឲ្យគ្រូពេទ្យពិបាកពិនិត្យមើលរោគសញ្ញាខ្លាំងណាស់។

អ្នកស្រាវជ្រាវបានបន្ថែមទៀតថា មូលហេតុដែលបណ្តោលឲ្យមានការកើនឡើងនៃការស្លាប់ដោយសារតែមហារីកជំងឺថ្លើម គឺបញ្ហារលាកថ្លើមប្រភេទ C ចំពោះទារក។ ដូច្នេះ អ្ននកត្រូវធ្វើតេស្តរកមើលវីរុសរលាកថ្លើមប្រភេទ C ដើម្បីលុបបំបាត់ចោលពីរាងកាយ ទើបអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើមបាន៕

ប្រភព: soha

មតិយោបល់