ជាធម្មតាស្ត្រីមានផ្ទៃពោះគ្រប់រូបត្រូវបានក្រុមគ្រូពេទ្យផ្តល់អសនុសាសន៍ ឲ្យធ្វើតេស្តកម្រិតជាតិស្ករ នៅក្នុងអំឡុងត្រីមាសទី២ ឬចន្លោះសប្តាហ៍ ២៤ទៅ២៨ នៃការមានផ្ទៃពោះ។ ការធ្វើតេស្តឈាមបែបនេះ ដើម្បីពិនិត្យមើលជំងឺទឹកនោមផ្អែម ព្រោះភាគច្រើនវាតែងតែកើតមានក្នុងដំណាក់កាលមានផ្ទៃពោះ។
កត្តាចម្បងដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះកើតមានជំងឺទឹកនោមផ្អែម គឺការផ្លាស់ប្តូរកម្រិតអ័រម៉ូន ការទម្លាប់ញ៉ាំចំណីអាហារមានផ្ទុកកាឡូរីខ្ពស់ ស្ត្រីដែលមានផ្ទៃពោះក្នុងវ័យ៣៥ឆ្នាំ ស្ត្រីដែលធាត់ខ្លាំងពេក និងស្ត្រីដែលមានប្រវត្តិគ្រួសារកើតជំងឺទឹកនោមផ្អែម។
បើយោងតាមរបាយការណ៍បង្ហាញថា ជាមធ្យមប្រសិនបើស្ត្រីធ្វើតេស្តជាតិស្ករក្នុងឈាមលើសពី ១៤០មីលីក្រាម/ដេស៊ីលីត្រ នោះបញ្ជាក់ថា អ្នកកំពុងតែកើតជំងឺទឹកនោមផ្អែមហើយ។ លោកវេជ្ជបណ្ឌិត Pooja Mehta ជាអ្នកឯកទេសរោគស្ត្រីបានមានប្រសាសន៍ផងដែរថា «ការធ្វើតេស្តនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះប្រសិនបើអ្នកម្តាយមានជំងឺទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះ អាចបណ្តោលឲ្យទារកថ្លោះជ្រុល ពិបាកក្នុងការសម្រាល ឬមានបញ្ហាផ្សេងៗទៀតចំពោះទារក»។
ដូច្នេះហើយ ប្រសិនបើស្ត្រីមានផ្ទៃពោះទាំងឡាយដឹងថា ខ្លួនមានជំងឺទឹកនោមផ្អែម គួរតែពិគ្រោះជាមួយគ្រូពេទ្យអំពីវិធីព្យាបាលឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យមានផលវិបាកដល់ទារកក្នុងផ្ទៃ៕
មតិយោបល់