សាវម៉ាវ គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែម និងជូរតិចៗ តែមានភាពពេញនិយមខ្លាំងបំផុតសម្រាប់បងប្អូនខ្មែរយើង។ ក្រៅពីទទួលទានភ្លាមៗ ផ្លែរបស់វាត្រូវបានគេកែច្នៃធ្វើជាបង្អែម បន្ទាប់ពីទទួលទានអាហារផងដែរ។ តែទោះជាយ៉ាងណា មនុស្សភាគច្រើនដែលចូលចិត្តញ៉ាំសាវម៉ាវ ប្រហែលជាមិនទាន់ដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វានៅឡើយទេ។
១.ជំរុញដល់ការផលិតកោសិកាឈាម
ផ្លែសាវម៉ាវ សម្បូរទៅដោយជាតិដែក ដែលល្អបំផុតសម្រាប់ផលិតកោសិកាឈាមក្រហម និងកោសិកាឈាមស។ ទន្ទឹមនឹងនេះ វាក៏អាចជួយរាងកាយបង្កើតអង់ស៊ីម ដែលមានសុខភាពល្អ។
២.ទប់ស្កាត់ជំងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់
សាវម៉ាវ ត្រូវបានគេប្រើធ្វើជាឱសថ សម្រាប់ទប់ស្តាត់ជំងឺលើសឈាម និងទឹកនោមផ្អែម តាំងពីសម័យបុរាណមកម្ល៉េះ។ នេះក៏ដោយសារតែវាសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន C ជាតិដែក ផូស្វ័រ កាល់ស្យូម និងសារធាតុចិញ្ចឹមជាច្រើនទៀត ដែលអាចជួយការពាររាងកាយមិនឲ្យឡើងជាតិស្ករ។
៣.បំបាត់ជាតិពុលក្នុងតម្រងនោម
បរិមាណផូស្វ័រ ជាច្រើននៅក្នុងផ្លែសាវម៉ាវ អាចជួយលុបបំបាត់កាកសំណល់ និងជាតិពុលនៅក្នុងតម្រងនោមបានយ៉ាងងាយ។ ផូស្វ័រ នេះមានសារៈសំខាន់ណាស់សម្រាប់ជំរុញដល់ការលូតលាស់នៃជាលិកាក្នុងរាងកាយ។ ទន្ទឹមនឹងនេះ សារធាតុកាល់ស្យូមនៅក្នុងសាវម៉ាវ នៅរួមបញ្ចូលជាមួយផូស្វ័រ អាចជួយពង្រឹងឆ្អឹង និងធ្មេញឲ្យរឹងមាំ។
៤.សម្រកទម្ងន់
ជាតិសរសៃខ្ពស់ និងកាឡូរីទាប ធ្វើឲ្យសាវម៉ាវ ក្លាយជាអាហារដ៏ប្រសើរសម្រាប់អ្នកដែលចង់សម្រកទម្ងន់។ ដោយសារតែការបរិភោគសាវម៉ាវ ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដូច្នេះផែនការស្រកទម្ងន់របស់អ្នកនឹងឆាប់មានប្រសិទ្ធភាព។
៥.បង្ការជំងឺមហារីក
អាស៊ីត glycolic នៅក្នុងសាវម៉ាវ ដើរតួនាទីយ៉ាងសំខាន់ជាសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអាចជួយបណ្តេញរ៉ាឌីកាល់សេរីចេញពីរាងកាយ។ ជាងនេះទៅទៀត សាវម៉ាវ មានផ្ទុកវីតាមីន C ដ៏សម្បូរបែប ដែលអាចជួយឲ្យរាងកាយស្រូបយកសារធាតុរ៉ែយ៉ាងងាយ។
៦.ទ្រទ្រង់សុខភាពអំឡុងពេលមានផ្ទៃពោះ
ប្រភពដ៏ល្អនៃជាតិដែក អាចជួយឲ្យស្ត្រីរួចផុតពីជំងឺស្លេកស្លាំង និងវិលមុខ នៅពេលមានផ្ទៃពោះ។ សាវម៉ាវ ក៏សម្បូរទៅដោយបរិមាណវីតាមីន E ជួយកាត់បន្ថយអារម្មណ៍ឆេឆាវចំពោះស្ត្រីមានផ្ទៃពោះ។
៧.ជួយរក្សាស្បែកឲ្យមានភាពស្រស់ស្អាត
សាវម៉ាវ មានផ្ទុកជាតិទឹកច្រើន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានប្រសិទ្ធភាពជួយឲ្យស្បែកទន់រលោង និងស្រស់ថ្លា។
ទោះជាផ្លែសាវម៉ាវ មានអត្ថប្រយោជន៍ចំពោះសុខភាព យ៉ាងណាក្តី អ្នកមិនត្រូវបរិភោគច្រើនពេកនោះទេ៕
ដកស្រង់ពី៖ soha
មតិយោបល់