តើជាការពិតដែរទេ គ្រាន់តែគេងចំហមាត់សោះ អាចប្រឈមហានិភ័យដង្កូវស៊ីធ្មេញ? ទឹកមាត់របស់យើងមានសមត្ថភាពក្នុងការបំផ្លិចបំផ្លាញ់បាក់តេរីនៅក្នុងមាត់ ដែលអាចផលិតទៅជាអាស៊ីត។ ក៏ប៉ុន្តែបើទឹកមាត់មានតិចវិញនោះ បាក់តេរីនៅក្នុងមាត់នឹងមានការកើនឡើង ដែលធ្វើឲ្យធ្មេញរបស់អ្នកឆាប់មានបញ្ហាពុក ឬគេហៅថាដង្កូវស៊ីធ្មេញ។
បើយោងតាមក្រុមអ្នកជំនាញជាច្រើនបានបង្ហាញថា ប្រសិនបើអ្នកគេងចំហមាត់ទេនោះ មាត់នឹងមានសភាពស្ងួត ហើយស្រទាប់ការពារទឹកមាត់ក៏ត្រូវបាត់បង់ដែរ។ ក្រោយមកទៀត កម្រិតនៃអាស៊ីតនៅក្នុងមាត់នឹងចាប់ផ្តើមកើនឡើង ហើយជ្រាបចូលតាមរយៈជើងធ្មេញ មិនយូរប៉ុន្មានធ្មេញរបស់អ្នកច្បាស់ជាឆាប់វិនាសមិនខាន។
អ្នកជំនាញសុខភាពមាត់ធ្មេញ មានការសង្ស័យជាយូរមកហើយថា អ្នកជំងឺដង្កូវស៊ីធ្មេញភាគច្រើន គឺមានទម្លាប់គេងចំហមាត់។ នៅពេលណាដែលទឹកមាត់កាន់តែថយចុះ ជាតិអាស៊ីតនៅក្នុងមាត់ គឺកាន់តែកើនឡើង ដែលធ្វើឲ្យអ្នកត្រូវប្រឈមនឹងបញ្ហាឆាប់ពុកធ្មេញ ឬដង្កូវស៊ីធ្មេញ។ បុរសដែលមានទម្លាប់គេងចំហមាត់ ត្រូវបានគេរកឃើញថា មាន១ភាគ៣ក្នុងចំណោមនុស្សប្រុសទាំងអស់ ខណៈដែលស្ត្រីមានត្រឹមតែ៥ភាគរយតែប៉ុណ្ណោះ។
សម្រាប់មនុស្សដែលគេងចំហរមាត់ភាគច្រើន កើតមានឡើងដោយសារតែការពិបាកដកដង្ហើម ឬតឹងច្រមុះដកដង្កើមមិនកើត។ ហេតុនេះហើយ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយឲ្យបានឆាប់៕
ប្រភព៖ yourstylishlife
មតិយោបល់