ព័ត៌មានសុខភាព

ទម្លាប់នៃការចម្អិនអាហារ ដែលមេផ្ទះទាំងឡាយគួរជៀសវាងឲ្យបាន

ទម្លាប់ក្នុងការចម្អិនអាហារពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពក្រុមគ្រួសារទាំងមូល ប្រសិនបើការចម្អិននោះមិនបានត្រឹមត្រូវ។ ខាងក្រោមនេះ គឺជាទម្លាប់មួយចំនួន ដែលអ្នកគួរតែជៀសវាង ប្រសិនបើចង់ក្រុមគ្រួសារទាំងមូលមានសុខភាពល្អ៖

មិនចំហបង្អួចនៅក្នុងផ្ទះបាយ
គ្រប់គ្នាប្រហែលជាមានចម្ងល់ហើយថា ហេតុអ្វីបានជាត្រូវបើកបង្អួចផ្ទះបាយនៅពេលដែលចម្អិនអាហារ? ខណៈពេលចម្អិនអាហារ បរិមាណនៃឧស្ម័នពុលជាច្រើននឹងកើនឡើង ហើយនៅវិលវុលមិនចេញទៅណាឡើងប្រសិនបើអ្នកបិទបង្អួត។ ដូច្នេះក្រុមអ្នកជំនាញបានណែនាំឲ្យអ្នកបើកបង្អួចចេញរយៈពេល ៣ទៅ៥នាទី បន្ទាប់ពីចម្អិនអាហារ ដើម្បីឲ្យផ្សែងពុលភាយចេញអស់។

ប្រើប្រេង ឬខ្លាញ់ចាស់
ការប្រើប្រាស់ប្រេង ឬខ្លាញ់ចាស់ មកដំណើរការចម្អិនម្ហូបម្តងទៀតពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះវានឹងផលិតសារធាតុគីមីពុលកាន់តែច្រើនឡើង។ លើសពីនេះកាកសំណល់អាហារដែលត្រូវបានដុតកម្តៅម្តងទៀត គឺជាភ្នាក់ងារបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងខ្លាំង។
ដូច្នេះ ដើម្បីធានដល់សុវត្ថិភាពចំពោះសមាជិកគ្រួសារទាំងមូល អ្នកមិនត្រូវប្រើប្រេង ឬខ្លាញ់ដែលប្រើការរួចម្តងហើយនោះទេ។

ការរក្សាសាច់ក្នុងទូរទឹកកក
ការរក្សាសាច់នៅក្នុងទូរទឹកកក រយៈពេលយូរមិនត្រឹមតែអាចបំផ្លិចបំផ្លាញដល់ភាពស្រស់នៃសាច់នោះទេ ប៉ុន្តែវាក៏អាចបណ្តោលឲ្យខ្សោះជីវជាតិ និងមានគ្រោះថ្នាក់ដល់សុខភាពផងដែរ។

ពេលវេលាដែលមានត្រូវរក្សាសាច់ក្នុងទូរទឹកកក គួរតែមិនលើសពីមួយសប្តាហ៍នោះទេ។ មិនតែប៉ុណ្ណោះ ពេលដែលយកសាច់ចេញពីទូរទឹកកក អ្នកត្រូវរងចាំឲ្យរលាយទឹកកកអស់សិន ឬសាច់មានសីតុណ្ហភាពត្រលប់មកធ្មតា ទើបចាប់ផ្តើមចម្អិន។

ប្រើភ្លើងខ្លាំងពេក
ការប្រើប្រាស់ភ្លើងខ្លាំងពេកលើសពី ២០០អង្សាសេ អាចបណ្តោលឲ្យបរិមាណនៃសារធាតុចិញ្ចឹមនៅក្នុងបន្លែ និងសាច់ ត្រូវបានបំផ្លាញ។ យកល្អ អ្នកគួរតែគ្រប់គ្រងសីតុណ្ហភាពចន្លោះពី ១៥០ ទៅ១៨០អង្សាសេ បានហើយ។

កម្តៅអាហារញ៉ាំម្តងទៀត
ដោយសារតែស្តាយមិនចង់ខ្ជេះខ្ជាយ ទើបមនុស្សជាច្រើនតែងតែមានទម្លាប់កម្តៅអាហារដែលនៅសេសសល់ញ៉ាំម្តងទៀត ប៉ុន្តែទម្លាប់មួយនេះពិតជាមានគ្រោះថ្នាក់ណាស់។ ការកម្តៅអាហារញ៉ាំម្តងទៀត ជាតិពុលនៅក្នុងអាហារនឹងមានការកើនឡើង ដែលអាចបណ្តោលឲ្យអ្នកមានអាការឈឺក្បាល វិលមុខ រាក អស់កម្លាំង…។ ហេតុនេះ ប្រសិនបើជាអាច កុំកម្តៅអាហារញ៉ាំម្តងទៀត ឬចម្អិនអាហារថ្មីល្អប្រសើរជាង៕

ប្រភព៖ soha

មតិយោបល់