ព័ត៌មានសុខភាព

កុំឲ្យពុលស្រា គួរជៀសវាង៥ចំណុចនេះ

មូលហេតុដ៏ធំនៃការពុលស្រា គឺបង្កឡើងដោយសារតែការទទួលទានស្រាលើសកម្រិត ធ្វើឲ្យរាងកាយមិនអាចទប់ទល់នឹងជាតិអាកុល ឬមេតាណុលបាន។

បច្ចុប្បន្ននេះ ស្រា ឬស្រាបៀរត្រូវបានគេចាត់ទុកជាភេសជ្ជៈមួយប្រភេទដែលមិនអាចខ្វះបាន សម្រាប់ពិធីអាពាហ៍ពិពាហ៍ ជប់លៀង ជួបជុំមិត្តភក្តិ ហើយសូម្បីតែបុណ្យសពក៏ប្រើស្រាដែរ។

បើតាមគេហទំព័រ soha បានបង្ហាញថា ការពុលស្រាធ្ងន់ធ្ងរអាចបណ្តោលឲ្យមានអាការក្អួតច្រើន បែកញើស សន្លប់ ជីបចេលោតញាប់ ដកដង្ហើមបានខ្លីៗ សម្ពាធឈាមទាប ហើយអាចគ្រោះថ្នាក់ដល់ជីវិតប្រសិនបើសង្គ្រោះមិនទាន់។

ទន្ទឹមនឹងនេះផងដែរ ការទទួលទានប៉ះចំស្រាក្លែងក្លាយ គឺប្រឈមហានិភ័យចំពោះសុខភាពខ្លាំងបំផុត ព្រោះស្រាទាំងនោះគ្មានប្រភពដើមច្បាស់លាស់ អាចមានផ្ទុកជាតិមេតាណុលច្រើនលើសកម្រិត ហើយអាចបង្កឲ្យអ្នកស្លាប់បាន។ ជាពិសេសស្រាដែលត្រាំឬសឈើ ដើមឈើ ឬសត្វព្រៃ មានផ្ទុកជាតិពុលពីធម្មជាតិច្រើន។

ចំពោះបុរសដែលទទួលទានស្រាច្រើនជាង ៣កែវក្នុងមួយថ្ងៃ និងស្ត្រីច្រើនជាង២កែវក្នុងមួយថ្ងៃ ត្រូវបានគេចាត់ទុកថា លើសកម្រិតហើយ។
ការទទួលទានស្រារយៈពេលយូរ អាចនាំឲ្យញៀន ស្រកទម្ងន់ កើតជំងឺរាគរូស ខូចថ្លើម ពោះវៀន ស្បែកស្លេកស្លាំង ខ្វះឈាម កើតជំងឺមហារីកថ្លើម ក្រិនថ្លើម បាត់បង់ការចង់ចាំ ញ័រដៃជាដើម។

ដូច្នេះហើយ ដើម្បីការពារកុំឲ្យពុលស្រា អ្នកគួរធ្វើតាមអនុសសាន៍ ៥ ចំណុចដែលអ្នកជំនាញបានបង្ហាញ៖

១.មិនត្រូវផឹកស្រាដែលមានផ្ទុកជាតិអាកុល ឬជាតិមេតាណុល ច្រើនជាង ០.១ភាគរយឡើយ ព្រោះវាអាចបណ្តោលឲ្យអ្នកខ្វាក់ភ្នែក និងស្លាប់បាន។

២.កុំទទួលទានស្រាដែលក្តៅខ្លាំងលើស ៣០ដឺក្រេ ឬច្រើនជាង ៣០មីលីលីត្រ ក្នុងមួយថ្ងៃ។

៣.កុំទទួលទានស្រាដែលត្រាំឬសឈើ ដើមឈើ សត្វ ឬស្រាដែលត្រាំតាមការពិសោធន៍តៗគ្នា ព្រោះវាគ្មានសុវត្ថិភាពឡើយ។

៤.កុំទទួលទានស្រានៅពេលដែលអ្នកឃ្លាន អស់កម្លាង ឬកំពុងតែប្រើថ្នាំពេទ្យផ្សេងៗ។

៥.កុមារដែលមានអាយុក្រោម ១៦ឆ្នាំ មិនគួរទទួលទានគ្រឿងស្រវឹងឡើយ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីគេចផុតពីហានិភ័យទាំងអស់នេះ អ្នកគួរតែជៀសវាងការទទួលទានស្រាប្រសើរជាង៕

មតិយោបល់