ព័ត៌មានសុខភាព

ប្រយ័ត្ន! បើមិនចង់ជួបផលអាក្រក់ទាំងនេះ ឈប់ជក់បារីទៀតទៅ

បើទោះបីជាមានការផ្សព្វផ្សាយជាច្រើននៅតាមបណ្តោលកញ្ចក់ទូរស្សន៍នានា ឬតាមបណ្តោញសង្គម ពីផលប៉ះពាល់អវិជ្ជមានដល់សុខភាពយ៉ាងណាក៏ដោយ ក៏មនុស្សមួយចំនួននៅតែមិនអើពើ ហើយបន្តជក់បារីដដែល។ ជាទូទៅយើងគ្រប់គ្នាដឹងត្រឹមថា ផ្សែងបារី គឺជាសត្រូវដ៏ធំបំផុតក្នុងការបំផ្លាញសួត ក៏ប៉ុន្តែតាមការស្រាវជ្រាវកាលពីពេលថ្មីៗនេះបានរកឃើញពីផលអាក្រក់មួយចំនួនទៀត ដែលមនុស្សតិចណាស់បានដឹង។

រលាកស្បែក
ជំងឺរលាកស្បែករ៉ាំរ៉ៃ ជាធម្មតាកើតមាននៅត្រង់ជង្គង់ កែងដៃ ស្បែកក្បាល ជើង និងខ្នង ជាដើម។ ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា អ្នកជក់បារីយូរអង្វែងមានហានិភ័យនៃជំងឺរលាកស្បែកកម្រិតខ្ពស់បំផុត។

ជំងឺភ្នែកឡើងបាយ
សូម្បីតែភ្នែកក៏ងាយនឹងរងគ្រោះដោយសារតែថ្នាំជក់ដែរ ជាពិសេសអ្នកជក់បារីងាយនឹងកើតជំងឺភ្នែកឡើងបាយនៅពេលមានវ័យកាន់តែចាស់។

ជ្រុះសក់
មិនចំពោះតែមនុស្សប្រុស ឬក៏ស្រីនោះទេ ប្រសិនបើមានទម្លាប់ជក់បារី សក់របស់ពួកគេហាក់ដូចជាមានសភាពស្តើងនៅពេលមានវ័យចាស់បន្តិច ហើយបង្កើនការជ្រុះសក់ក៏កាន់តែលឿនដែរ។ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា អ្នកដែលជក់បារី គឺមានហានិភ័យជ្រុះសក់ខ្ពស់ជាងអ្នកដែលមិនជក់។
ទន្ទឹមនឹងនេះផងដែរ អ្នកស្រាវជ្រាវតៃវ៉ាន់ បានធ្វើការសន្និដ្ឋានថា ការជក់បារីប្រឈមហានិភ័យទំពែកទៅលើបុរសជាច្រើននៅតំបន់អាស៊ី។

ធ្មេញមានពណ៌លឿង
ផ្សែងបារីមានផ្ទុកសារធាតុនីកូទីន ដែលជាជាតិពុលម្យ៉ាងអាចបង្កឲ្យក្រចក និងធ្មេញរបស់អ្នកដុះស្នឹមមានពណ៌លឿងអាក្រក់មើលខ្លាំងណាស់។

ដូច្នេះ ប្រសិនបើអ្នកមិនចង់ជួបបញ្ហាដូចដែលបានបង្ហាញពីខាងលើនេះ សូមកាត់បន្ថយការជក់បារី ឬឈប់តែម្តង គឺកាន់តែប្រសើរ៕

ប្រភព៖ soha

មតិយោបល់