ព័ត៌មានសុខភាព

ពេលមានគភ៌ ស្រីៗគួរឈប់ពាក់ស្បែកជើងកែង!

បើទោះបីជាការពាក់ស្បែកជើងកែងចោទ គឺជាចំណង់ចំណូលចិត្តរបស់មនុស្សស្រីភាគច្រើនក៏ដោយ ប៉ុន្តែក្នុងកំឡុងពេលមានគភ៌ស្ត្រីគួរតែជៀសឲ្យឆ្ងាយ ព្រោះវាអាចបង្កគ្រោះថ្នាក់ទាំងម្តាយ និងកូន។

អ្នកត្រូវដឹងថា ពេលមានគភ៌អ័រម៉ូននឹងកើនឡើងខ្ពស់ ហើយសាច់ដុំក៏ចាប់ផ្តើមពន្លាតខ្លាំងផងដែរ។ ដូច្នេះ ប្រសិនបើអ្នកទម្លាប់ពាក់ស្បែកជើងកែងចោទ វាងាយនឹងមានបញ្ហាឈឺឆ្អឹងខ្នង និងឈឺសាច់ដុំកំភួនជើង ដោយសារតែរងនូវសម្ពាធពីទម្ងន់ខ្លាំងពេក។ លើសពីនេះទៅទៀត វាអាចកាត់បន្ថយលំហូរឈាមទៅផ្នែកផ្សេងៗនៃរាងកាយ ហើយអាចប៉ះពាល់សុខភាពជាច្រើន។

បើយោងតាមអ្នកជំនាញបានបង្ហាញថា មានស្ត្រីជាច្រើនណាស់ដែលជួបបញ្ហាឈឺចាប់សាច់ដុំកំភួនជើង ដោយសារតែទម្លាប់ពាក់ស្បែកជើងកែងចោទយូរៗពេក។

ចំណែកឯអាការឈឺឆ្អឹងខ្នងវិញត្រូវបានគេចាត់ទុកជារោគសញ្ញាទូទៅមួយក្នុងអំឡុងពេលមានគភ៌ តែទោះជាយ៉ាងណាការឈឺចាប់នេះអាចកើតមានឡើងកាន់តែធ្ងន់ធ្ងរ ដោយសារតែការពាក់ស្បែកជើងកែងចោទ។

ម្យ៉ាងវិញទៀត ស្បែកជើងកែងចោទមានទម្រតូច ដែលធ្វើឲ្យពិបាកក្នុងការទ្រទម្ងន់រាងកាយទាំងមូល ហើយពិបាកនឹងរក្សាលំនឹងនៅពេលដើរ។ នេះជាមូលហេតុដែលធ្វើឲ្យស្ត្រីមានភគ៌ងាយនឹងជំពប់ជើងដួលដោយចៃដន្យ។

ដូច្នេះ ដើម្បីគេចផុតពីបញ្ហាផ្សេងៗដែលកើតមានឡើង អ្នកគួរតែទម្លាប់ពាក់ស្បែកជើងរាបស្មើវិញទើបមានសុវត្ថិភាព ហើយមិនប៉ះពាល់ដល់រាងកាយត្រង់ចំណុចណាមួយឡើយ៕

ប្រភព៖ boldsky

មតិយោបល់