ការញ៉ាំអាហារឆៅ ខ្វះអនាម័យ គឺជាមូលហេតុដែលបណ្តោលឲ្យអ្នកឈឺពោះ ឬរាករូស។ ក៏ប៉ុន្តែតាមការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា បាក់តេរីដែលបង្កកើតជំងឺរាករូស ក៏អាចបង្កឲ្យកើតជំងឺមហារីកដែរ។
ការស្រាវជ្រាវដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី journal Science បង្ហាញថា បាក់តេរី Bacteroides fragilis (B.fragilis) និងបាក់តេរី E.coli ដែលធ្វើឲ្យអ្នកមានអាការឈឺពោះ ព្រមទាំងរាករូស វាមានគ្រោះថ្នាក់ជាងអ្វីដែលអ្នកបានគិតទៅទៀត។ ពួកវាអាចបំផ្លាញ DNA នៃកោសិកាក្នុងពោះវៀន ដែលបណ្តោលឲ្យកើតជំងឺមហារីកពោះវៀនធំ។
ជាទូទៅពោះវៀនធំរបស់មនុស្សមានស្លេសសម្រាប់ការពារ តែទោះជាយ៉ាងណាបាក់តេរី B. fragilis និង E. coli មានលទ្ធភាពឆ្លងកាត់ស្លេសនេះបាន បន្ទាប់មកវានឹងបង្កើតកូនចៅគ្របដណ្តប់ទៅលើស្រទាប់នៃពោះវៀនធំ។
ក្រោយមក E. coli ឬ B. fragilis បានបញ្ចេញសារធាតុពុលផ្សេងទៀតដែលធ្វើឲ្យខូច DNA និងដុតបំផ្លាញកោសិកាផងដែរ។ នេះជាកត្តាដែលធ្វើឲ្យអ្នកត្រូវប្រឈមនឹងហានិភ័យនៃជំងឺមហារីកពោះវៀនធំ កាន់តែខ្លាំង។
គួរបញ្ជាក់ផងដែរថា ជំងឺមហារីកពោះវៀនធំ ឬរន្ធគូថ គឺជាជំងឺមហារីកមួយក្នុងចំណោមជំងឺមហារីកទូទៅបំផុតនៅសហរដ្ឋអាមេរិក ដែលមានប្រជាជនចំនួន ៥០.០០០នាក់បានស្លាប់ក្នុងឆ្នាំ២០១៨នេះ៕
ដកស្រង់ពី៖ soha
មតិយោបល់