អ្នករាល់គ្នាប្រហែលជាដឹងហើយថា ការទទួលទានស្រា គឺជាទម្លាប់ដ៏អាក្រក់បំផុតសម្រាប់សុខភាពទូទៅ និងមានផលប៉ះពាល់អវិជ្ជមានលើមុខងារនៃថ្លើមជាពិសេស។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីទម្លាប់នៃការទទួលទានស្រា នៅមានសកម្មភាពប្រចាំថ្ងៃមួយចំនួនទៀត ក៏អាចបំផ្លាញដល់ថ្លើមផងដែរ។
ថ្លើម គឺជាផ្នែកមួយនៃសរីរាង្គដ៏សំខាន់បំផុតនៅក្នុងរាងកាយ រួមទាំងការបញ្ចេញជាតិពុល និងបម្លែងថាមពលពីអាហារបញ្ចូនទៅសរីរាង្គដទៃទៀត។ ដូច្នេះ ដើម្បីថែរក្សាថ្លើមឲ្យមានសុខភាពល្អ អ្នកគួរតែកែប្រែទម្លាប់អាក្រក់មួយចំនួនដូចខាងក្រោម៖
១.បរិភោគអាហារផ្អែមច្រើនពេក
ការញ៉ាំអាហារផ្អែម មិនត្រឹមតែបង្កឲ្យមានគ្រោះថ្នាក់ដល់ធ្មេញនោះទេ វាក៏ធ្វើឲ្យថ្លើមរបស់អ្នកឆាប់ខូចផងដែរ។ ថ្លើមអាចបម្លែងស្ករ fructose ទៅជាខ្លាញ់ ហើយប្រសិនបើអ្នកទទួលទានកាន់តែច្រើន ថ្លើមច្បាស់ជាប្រឈមនឹងកើតជំងឺខ្លាញ់ក្នុងថ្លើមកាន់តែខ្លាំង។
ការសិក្សាមួយចំនួនបានបង្ហាញថា ជាតិស្ករ អាចប៉ះពាល់ដល់ថ្លើម ក៏ដូចជាជាតិអាល់កុលដែរ បើទោះបីជាអ្នកមិនលើសទម្ងន់ក៏ដោយ។
២.ចូលគេងយប់ៗពេក
ការចូលគេងយប់ជ្រៅ គឺជាទម្លាប់ទូទៅរបស់មនុស្សមួយចំនួនដែលរវល់នឹងការងារខ្លាំង ក៏ប៉ុន្តែទម្លាប់បែបនេះ ត្រូវបានគេចាត់ទុក ជាទង្វើដ៏អាក្រក់មួយសម្រាប់ថ្លើម។ អ្នកត្រូវដឹងថា រាងកាយត្រូវការពេលវេលា សម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីជួសជុលភាពខូចខាត និងដំណើរការកម្ចាត់ជាតិពុលចេញពីរាងកាយ ប៉ុន្តែប្រសិនបើអ្នកគេងបានតិច ជាតិពុលច្បាស់ជាកម្ចាត់មិនអស់ឡើយ ហើយវានឹងប្រមូលផ្តុំ នៅក្នុងរាងកាយកាន់តែច្រើនឡើងៗ ដែលបង្កឲ្យថ្លើមឆាប់ខូច។
៣.មិនញ៉ាំអាហារពេលព្រឹក
នៅពេលអ្នកក្រោកពីគេង បរិមាណនៃគ្លុយកូស ក្នុងខ្លួនបានធ្លាក់ចុះកម្រិតទាបបំផុត។ ស្ថានភាពបែបនេះ អាចប៉ះពាល់ដល់មុខងារនៃថ្លើមយ៉ាងធ្ងន់ធ្ងរ និងមិនអាចបម្លែងថាមពលគ្រប់គ្រាន់ ដើម្បីបំពេញមុខងារសំខាន់ៗបានឡើយ។ ហេតុនេះហើយ បើទោះបីជាអ្នកចង់សម្រកទម្ងន់ ឬរវល់ខ្លាំងយ៉ាងណាក៏ដោយ កុំភ្លេចទទួលទានអាហារពេលព្រឹកឲ្យសោះ។
៤.ញ៉ាំអាហារលឿនពេក
ដោយសារតែរវល់ជាមួយនឹងការងារប្រចាំថ្ងៃ ឬខ្លាចទៅមិនទាន់ពេល មនុស្សភាគច្រើនតែងតែទម្លាប់ទទួលទានអាហារលឿន ដើម្បីសន្សំសំចៃពេលវេលា។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាទម្លាប់ល្អសម្រាប់សុខភាពទូទៅ និងមុខងារនៃថ្លើមឡើយ។
ជាពិសេស ការទទួលទានអាហារដែលសម្បូរកាឡូរី ស្ករ អំបិល ឬសូដ្យូមខ្ពស់ អាចបង្កើនហានិភ័យនៃជំងឺលើសឈាម កូលេស្តេរ៉ុល និងបង្កើនហានិភ័យខ្លាញ់ក្នុងថ្លើមផងដែរ៕
ដកស្រង់ពី៖ soha
មតិយោបល់