គ្រប់គ្នាប្រហែលជាមិនជឿទេថា សកម្មភាពតូចតាច ដូចជាការឈរចំអើតជើង មួយថ្ងៃត្រឹមតែ៣នាទី ប៉ុណ្ណោះ អាចទទួលបានអត្ថប្រយោជន៍ខ្លាំងនៅក្នុងជីវិត ជាពិសេសសុខភាព តែម្តង។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ការឈរចំអើតជើង រាល់ថ្ងៃ អាចទទួលបានអត្ថប្រយោជន៍អស្ចារ្យដល់ទៅ ៥យ៉ាង។
១.កាត់បន្ថយភាពតានតឹង
ជារៀងរាល់ថ្ងៃ អ្នកតែងតែប្រឈមមុខជាមួយនឹងសម្ពាធការងារច្រើន ព្រមទាំងជីវិតរស់នៅផងដែរ។ នេះហើយជាមូលហេតុ ដែលបណ្តោលឲ្យសរសៃប្រសាទរបស់អ្នក ចាប់ផ្តើមស្ថិតនៅក្នុងភាពតានតឹង និងអស់កម្លាំង។ ទោះបីជាយ៉ាងណា ប្រសិនបើអ្នកព្យាយាមឈរចំអើតជើង ៣នាទី វានឹងជួយកាត់បន្ថយភាពតានតឹងបាន។
២.ជួយឲ្យខួរក្បាលមានសុខភាពល្អ
នៅពេលដែលអ្នកមានអារម្មណ៍រំខាន ឬស្មុគស្មាញ អ្នកគួរតែអនុវត្តវិធីសាស្ត្រឈរចំអើតជើង។ ការអនុវត្តសកម្មភាពនេះ នឹងជួយរំញោចសរសៃប្រសាទខួរក្បាល ជួយឲ្យមានស្មារតីរឹងមាំ និងមានភាពប្រុងប្រយ័ត្នច្រើន។
៣.សម្រករាង
សកម្មភាពឈរចំអើតជើង អាចជួយបំបាត់បញ្ហាឈឺសន្លាក់ បង្កើនភាពបត់បែនសម្រាប់ឆ្អឹងខ្នង និងជំរុញដល់ការដុតបំផ្លាញខ្លាញ់ក្នុងរាងកាយ។ ជាមួយនឹងការរក្សាលំនឹងឈរចំអើតជើង ៣នាទី អាចជួយឲ្យជើងរបស់អ្នកត្រង់ស្អាត និងកាន់តែរឹងមាំ។
៤.ការពារហានិភ័យទល់លាមក និងឬសដូងបាត
អ្នកនឹងមានការភ្ញាក់ផ្អើល បន្ទាប់ពីដឹងថា ការឈរចំអើតជើង អាចជួយកាត់បន្ថយហានិភ័យជំងឺឬសដូងបាត និងកែលម្អការទល់លាមក សម្រាប់អ្នកដែររងទុក្ខ។
លើសពីនេះទៅទៀត មនុស្សដែលកើតជំងឺឬសដូងបាត ក៏អាចជួយឲ្យជំងឺមានសភាពធូរស្រាល និងជួយឲ្យរន្ធគូថធ្វើការងារតាមបែបធម្មតា។
៥.ជួយឲ្យឈាមរត់បានល្អ កាត់បន្ថយការហើម និងស្ពឹក
ឥរិយាបទអង្គុយ ឬឈរយូរពេក អាចនាំឲ្យអ្នកកើតមានអាការស្ពឹក ហើម និងឈឺចាប់។ ទោះជាយ៉ាងណា ប្រសិនបើអ្នកធ្វើលំហាត់ប្រាណចំអើតជើង វានឹងជួយធ្វើឲ្យចរន្តឈាមរត់បានលឿន និងបន្ថយហានិភ័យខ្វះឈាមក្នុងខួរក្បាល។ ជាលទ្ធផល អ្នកនឹងលែងមានរោគសញ្ញាដូចជា វិលមុខ ឬហឹងត្រចៀកទៀតហើយ៕
ដកស្រង់ពី៖ soha
មតិយោបល់