ព័ត៌មានសុខភាព

មនុស្សដែលស្ថិតក្នុងលក្ខខណ្ឌ៥យ៉ាងនេះ ប្រយ័ត្នកើតជំងឺមហារីកឈាម

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រានៃការកើតជំងឺមហារីកឈាម ត្រូវបានគេទទួលស្គាល់ថា បានកើនឡើងយ៉ាងខ្លាំង ហើយបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង មិនត្រឹមតែមនុស្សចាស់នោះទេ សូម្បីតែមនុស្សវ័យក្មេងក៏ដូចគ្នាដែរ។

ហេតុនេះហើយ ក្រុមអ្នកជំនាញបានធ្វើការព្រមានថា ប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមមនុស្សដូចខាងក្រោម សូមធ្វើការពិនិត្យតាមដានសុខភាពឲ្យទៀងទាត់ ព្រោះការរកឃើញរោគសញ្ញាដំបូងរបស់វា អាចព្យាបាលឲ្យជាសះស្បើយមានសង្ឈឹមច្រើន។ ខាងក្រោមនេះ គឺជាប្រភេទមនុស្សដែលគួរតែ ប្រុងប្រយ័ត្នចំពោះជំងឺមហារីកឈាម៖

កត្តាហ្សែន
ប្រសិនបើអ្នកកើតក្នុងក្រុមគ្រួសារដែលធ្លាប់មានកើតជំងឺមហារីកឈាម សូមប្រយ័ត្នបន្តិច ព្រោះអ្នកអាចមានឱកាសវិវត្តទៅរកជំងឺមហារីកឈាមច្រើន បើធៀបជាមួយនឹងមនុស្សដែលមាប្រវត្តគ្រួសារល្អ។

បរិយាកាសមានគ្រោះថ្នាក់
មនុស្សដែលធ្វើការនៅក្នុងបរិយាកាស ដែលសម្បូរទៅដោយជាតិវិទ្យុសកម្ម គឺមានហានិភ័យខ្ពស់នៃជំងឺមហារីកឈាម។ លើសពីនេះទៅទៀត មនុស្សដែលប៉ះពាល់ជាមួយនឹងសារធាតុបង់ហ្សែន និងសារធាតុបំលែងចេញពីនីត្រូហ្សែន ខ្ពស់ គឺមានហានិភ័យនៃជំងឺមហារីកឈាម។

មនុស្សដែលមានជំងឺរ៉ាំរ៉ៃត្រូវប្រើថ្នាំជាប់រហូត
មនុស្សបែបនេះក៏អាចទទួលរងពីជំងឺមហារីកឈាមខ្ពស់ដែរ ព្រោះជាតិពុលនៅក្នុងថ្នាំមួយចំនួនដូចជា ថ្នាំព្យាបាលជំងឺមហារីក ដែលគេប្រើដើម្បីសម្លាប់កោសិកាមហារីក អាចបង្កទៅជាជំងឺមហារីក ប្រសិនបើអ្នកប្រើប្រាស់រយៈពេលយូរ។

ជាតិវិទ្យុសកម្ម
វិទ្យុសកម្ម ដែលភាយចេញពីឧបករណ៍អេឡិចត្រូនិចផ្សេងៗ ក៏អាចបណ្តោលឲ្យកើតជំងឺមហារីកឈាមផងដែរ ជាពិសេសមនុស្សដែលប៉ះពាល់ និងព្យាបាលដោយវិទ្យុសកម្មរយៈពេលយូរ មានហានិភ័យកាន់តែខ្ពស់។

ការផ្លាស់ប្តូរក្រូម៉ូសូម
ការប្រែប្រួលនៃក្រូម៉ូសូម ជាដើមហេតុមួយទៀត ដែលនាំឲ្យកើតមានហានិភ័យនៃជំងឺមហារីកឈាមផងដែរ ដូច្នេះអ្នកគួរតែប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុត៕

មតិយោបល់