ការពិត បញ្ហាសុខភាពអាចបង្ហាញឲ្យឃើញតាមរយៈផ្នែកផ្សេងៗនៅលើរាងកាយដូចជា សក់, ស្បែក, ក្រចក, ភ្នែក… តែមកពីយើងគ្រប់គ្នាមិនបានចាប់អារម្មណ៍។ ដូចគ្នានេះដែរ បបូរមាត់ក៏អាចបង្ហាញពីសញ្ញាគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ប្រសិនបើយើងមិនអើពើនឹងវា។
ដំបៅបបូរមាត់
ដំបៅ ឬពងបែកតូចៗលើបបូរមាត់នៅផ្នែកខាងក្រោម ដែលមានការឈឺចាប់ និងហូរឈាម ជាសញ្ញាមួយព្រមានថា អ្នកប្រហែលជាឆ្លងជំងឺដែលបង្កឡើងដោយវីរុស (herpes)។ ជំងឺនេះងាយនឹងឆ្លងខ្លាំងណាស់ ហេតុនេះ អ្នកមិនត្រូវប្រើរបស់រួមជាមួយអ្នកជំងឺឡើយ ដូចជា ក្រែមលាបមាត់ជាដើម។
ប្រេះបបូរមាត់
បញ្ហាខ្វះវីតាមីន, ស្ត្រេស និងថប់អារម្មណ៍ អាចបង្កឲ្យមានស្នាមប្រេះនៅតាមកែមបបូរមាត់ ហើយអាចបង្កឲ្យមានអាការៈធ្ងន់ធ្ងរប្រសិនបើអ្នកមិនអើពើ។ មិនតែប៉ុណ្ណោះ បញ្ហាប្រេះបបូរមាត់ ក៏អាចជាសញ្ញាដែលបង្កមកពីការឆ្លងមេរោគផ្សិតនៅលើបបូរមាត់ដែរ។
បបូរមាត់ស្លេកស្លាំង
បបូរមាត់ស្លេកស្លាំងគឺ ជាសញ្ញាព្រមានថា រាងកាយរបស់អ្នកកំពុងតែគ្មានកម្លាំងកំហែង។ អ្នកត្រូវការបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន ជាពិសេសជាតិដែក និងវីតាមីន ដើម្បីបង្កើនចំនួនកោសិកាឈាម។
បបូរមាត់ស្ងួត
ដោយសារតែរាងកាយរបស់អ្នកខ្វះជាតិទឹក ទើបធ្វើឲ្យបបូរមាត់មានអាការៈស្ងួត។ ហេតុនេះ អ្នកត្រូវប្រញាប់ទទួលទឹកឲ្យបានច្រើនជាប្រចាំ។
បបូរមាត់ពណ៌ស្វាយ
ប្រសិនបើមាត់បរស់អ្នកប្រែជាពណ៌ស្លេកស្វាយ និងខ្មៅភ្លាមៗ អាចបណ្តោលមកពីមូលហេតុច្រើនយ៉ាង រួមទាំងការជក់បារីរយៈពេលយូរផងដែរ។ តែទោះបីជាយ៉ាងណា អ្នកដែលកើតជំងឺថ្លើមក៏អាចធ្វើឲ្យបបូរមាត់មានពណ៌ខ្មៅដែរ។ ហេតុនេះអ្នកគួរតែទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់។
ហើមបបូរមាត់
ក្រោយពេលដែលអ្នកប្រើប្រាស់ថ្នាំ ឬប្រើក្រែមលាបបបូរមាត់ ហើយកើតមានអាការៈហើម អ្នកប្រហែលជាមានបញ្ហាអាឡែកស៊ីជាមិនខាន។
ឈឺ ហើយបបូរមាត់ក្រហមជាំ
មូលហេតុចម្បងអាចបណ្តោលមកពីថ្នាំដុសធ្មេញមិនត្រូវជាមួយនឹងស្បែកបបូរមាត់របស់អ្នក ទើបបង្កឲ្យមានអាការៈក្រហមជាំ និងមានការឈឺចាប់កើតឡើង។ ដូច្នេះ គួរតែដូរថ្នាំដុសធ្មេញថ្មីមកប្រើល្អជាង។
ចំណាំ៖ ប្រសិនបើអ្នកឃើញសញ្ញាទាំងអស់នេះ គួរតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីរកដំណោះស្រាយឲ្យបានទាន់ពេល ប៉ុន្តែប្រសិនជាអ្នកនៅតែប្រងើយកណ្តើយអាចមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរឡើង រហូតប៉ះពាល់ដល់ជីវិតថែមទៀត៕
មតិយោបល់