ព័ត៌មានសុខភាព

វិធីកាត់បន្ថយក្លិនមាត់ ដោយសារតែការញ៉ាំខ្លឹមស ឬខ្ទឹមបារាំង

បើទោះបីជាខ្ទឹមស និងខ្ទឹមបារាំង មានអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងណាក៏ដោយ អ្នកគួរតែជៀសវាងទទួលទានប្រសិនបើចង់ចេញក្រៅ ឬញ៉ាំអាហារខាងក្រៅជាមួយមិត្តភក្តិ។ ត្រូវចាំថា បន្ទាប់ពីអ្នកញ៉ាំខ្ទឹមស ឬខ្ទឹមបារាំង បានរយៈពេលប្រហែលជា ៥ទៅ៦ម៉ោង ក្លិនអាក្រក់នឹងកើតមានឡើង ហើយនោះជាពេលដែលពិបាកបំផុតក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ។ សូម្បីតែការទំពារស្ករកៅស៊ូ ក៏មិនអាចទប់ទល់ជាមួយនឹងក្លិនអាក្រក់របស់ខ្ទឹមស និងខ្ទឹមបារាំងបានដែរ។

ដូច្នេះតើធ្វើដូចម្តេចទើបអាចកម្ចាត់ក្លិនអាក្រក់ដោយសារតែការញ៉ាំខ្ទឹមស ឬខ្ទឹមបារាំងបានទៅ? បើយោងតាមគេហទំព័រ thehealthsite បានចុះផ្សាយថ្មីៗនេះថា មានវិធីសាស្ត្រធម្មជាតិមួយចំនួនអាចកម្ចាត់បញ្ហានេះបាន ហើយមានប្រសិទ្ធភាពយ៉ាងឆាប់រហ័ស។

១.បរិភោគផ្លែឈើ
បន្ទាប់ពីទទួលទានខ្ទឹមស ឬខ្ទឹមបារាំងហើយ ប្រសិនបើអ្នកមានអារម្មណ៍ថាក្លិនមាត់ហាក់ដូចជាមានភាពមិនស្រួល គួរតែញ៉ាំផ្លែប៉ោម ក្រូច ម្នាស់ ផ្លែទទឹម…។ ផ្លែឈើទាំងអស់នេះមានសមត្ថភាពអាចជួយកាត់បន្ថយក្លិនមាត់យ៉ាងឆាប់រហ័ស។

២.ទទួលទានទឹកក្រូចឆ្មារ
ការទទួលទានទឹកក្រូចឆ្មារមួយស្លាបព្រាបាយ ឬលាយជាមួយនឹងទឹកក្តៅឧណ្ឌៗមួយកែវ អាចជួយស្តារដង្ហើមរបស់អ្នកឲ្យឆាប់ស្រស់ថ្លារឡើងវិញ។ ដោយសារតែក្រូចឆ្មារមានផ្ទុកវីតាមីន C អាចជួយការពារបាក់តេរីដែលបណ្តោលឲ្យដង្ហើមមិនល្អ ហើយក្លិនប្រហើរស្រស់របស់វាក៏អាចយកឈ្នះក្លិននៃខ្ទឹមបារាំង និងខ្ទឹមសបានដែរ។

៣.ទំពារជីអង្កាម
ជីអង្កាម មិនត្រឹមតែមានក្លិនក្រអូបឈ្ងុយគួរឲ្យចង់ហិតនោះទេ វាថែមទាំងមានសមត្ថភាពអាចកម្ចាត់ក្លិនមាត់អាក្រក់ដែលបណ្តោលមកពីការទទួលទានខ្ទឹមស និងខ្ទឹមបារាំងផងដែរ។ អ្នកគួរតែទំពារស្លឹកជីអង្កាម ៥ទៅ៦សន្លឹក ក្លិនមាត់របស់អ្នកនឹងមានសភាពល្អប្រសើរឡើងវិញភ្លាមៗ៕

ប្រភព៖ thehealthsite

មតិយោបល់