បរទេស៖ បច្ចុប្បន្ននេះអត្រានៃបញ្ហាខ្សោយភ្នែកកំពុងតែចោទជាបញ្ហាយ៉ាងខ្លាំង ជាពិសេសសម្រាប់មនុស្សវ័យក្មេងតែម្តង។ នេះបណ្តោលមកពីទម្លាប់ប្រចាំថ្ងៃមួយចំនួន
ដែលយើងធ្វើវាដោយមិនដឹងខ្លួន ហើយយូរៗទៅភ្នែកចេះតែខ្សោយទៅៗ រហូតដល់ខូចទាំងស្រុងក៏មាន។ ហេតុនេះហើយ ដើម្បីជៀសវាងកុំឲ្យខូចភ្នែក អ្នកគួរតែជៀសវាងទម្លាប់មួយចំនួនដូចខាងក្រោម៖
ប្រើ lenses ពាក់ភ្នែកមិនត្រឹមត្រូវ
បើយោងតាមការព្រមានរបស់គ្រូពេទ្យបានបង្ហាញថា កញ្ចក់កែវភ្នែក (lenses) គឺជាមូលហេតុចម្បងដែលធ្វើឲ្យភ្នែកមានគ្រោះថ្នាក់បំផុត។
ការពាក់ lenses ទាំងពេលគេង, មិនបានលាងសម្អាតដៃនៅពេលពាក់ និងយកចេញ អាចបង្កឲ្យមានហានិភ័យនៃការរងរបួសភ្នែក។ លទ្ធផលភ្នែករបស់អ្នកអាច ក្រហម, ហើមត្របកភ្នែក, ដំបៅត្របកភ្នែក, គ្រាប់ភ្នែក ហើយធ្ងន់ធ្ងរបំផុតធ្វើឲ្យខូចភ្នែកតែម្តង។
មិនបានពាក់វែនតាពេលនៅក្រោមពន្លឺព្រះអាទិត្យ
កាំរស្មី UV នៃពន្លឺព្រះអាទិត្យមិនត្រឹមតែជាមូលហេតុចម្បងនៃជំងឺមហារីកស្បែកប៉ុណ្ណោះទេ ថែមទាំងអាចបង្កឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ភ្នែកថែមទៀត។
ពេលដែលយើងនៅក្រោមពន្លឺព្រះអាទិត្យយូរ ដោយមិនបានពាក់វែនតាការពារ នឹងបង្កឲ្យមានប្រតិកម្មរលាកភ្នែក។ កាំរស្មីនេះអាចបណ្តោលឲ្យមានប្រតិកម្មគីមីនៅក្នុងកែវភ្នែក ធ្វើឲ្យអ្នកមើលមិនច្បាស់ និងព្រិល ហើយនៅទីបំផុតនាំឲ្យខ្វាក់ភ្នែកជៀសមិនរួច។
អានសៀវភៅនៅពេលដើរ ជិះរថភ្លើង ឬរថយន្ត
ការអានសៀវភៅនៅពេលដែលកំពុងតែធ្វើដំណើរ គឺជាទម្លាប់មួយក៏អាក្រក់បំផុត។ ព្រោះខណៈនេះរថយន្ត ឬខ្លួនរបស់អ្នករញ្ជួយ ធ្វើឲ្យភ្នែករបស់អ្នករេមិនអាចសម្លឹងតាមតួអក្សរ និងផ្តោតអារម្មណ៍បានឡើយ។
ជាងនេះទៅទៀតពន្លឺនៅលើរថយន្ត , រថភ្លើង មិនអាចធានាឲ្យអ្នកអានសៀវភៅបាននោះទេ។ តែប្រសិនបើអ្នកនៅតែចង់អានសៀភៅបែបនេះទៀត យូរៗទៅច្បាស់ជាខូចភ្នែកជាមិនខាន។
មើលទូរទស្សន៍ កុំព្យូទ័រ និងទូរស័ព្ធដៃច្រើនពេក
សម័យបច្ចេកវិទ្យាឧបករណ៍ទាំងនេះបានក្លាយទៅជាផ្នែកមួយដ៏សំខាន់មួយសម្រាប់ជីវិតប្រចាំថ្ងៃរបស់មនុស្សវ័យក្មេងជាច្រើន។
តែទោះជាយ៉ាងណា យើងកុំភ្លេចថា ពន្លឺពណ៌ខៀវដែលបញ្ចេញពីឧបករណ៍អេឡិចត្រូនិចទាំងនោះមានគ្រោះថ្នាក់ខ្លាំងសម្រាប់ភ្នែក។ ការសម្លឹងមើលអេក្រង់ច្រើនម៉ោង នឹងធ្វើឲ្យភ្នែកស្ងួត, ងាយនឹងឈឺ, សមត្ថភាពមើលថយចុះយ៉ាងឆាប់រហ័ស។
នៅពេលដែលសម្ពាធនៅលើភ្នែកចេះតែកើនឡើង ក្នុងរយៈពេលវែងនឹងធ្វើឲ្យភ្នែកព្រិល ហើយនឹងមើលលែងឃើញ។
មិនបានពិនិត្យសុខភាពភ្នែកឲ្យទៀងទាត់
គ្រូពេទ្យបានណែនាំថា ការពិនិត្យភ្នែកជាទៀងទាត់យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដើម្បីធានាឲ្យភ្នែកមានសុខភាពល្អ និងចាត់វិធានការថែទាំឲ្យត្រឹមត្រូវ ប្រសិនបើភ្នែករបស់អ្នកចុះខ្សោយ ឬរកឃើញជំងឺផ្សេងៗ។
ប៉ុន្តែមនុស្សជាច្រើនមើលរំលងចំណុចទាំងនេះ ធ្វើឲ្យភ្នែកមានបញ្ហាធ្ងន់ធ្ងរទៅៗរហូតពិបាកក្នុងការព្យាបាល ឬព្យាបាលលែងកើតក៏មិនមាន៕
មតិយោបល់