ភ្នំពេញៈ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី៣ ខែឧសភានេះ បានព្រមានខ្លាំងៗចំពោះការសាងសង់សំណង់ទាំងឡាយខុសបច្ចេកទេស និងខុសបទដ្ឋានគតិយុទ្ធ ជាពិសេសសំណង់ក្រុមហ៊ុនបរទេស ដោយអះអាងថា លោកនឹងប្ដឹងស្ថានទូតសាម៉ីឲ្យដាក់ក្នុង Black List (បញ្ជីខ្មៅ) តែម្ដង។
លោក ជា សុផារ៉ា បានថ្លែងព្រមានខ្លាំងៗបែបនេះនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ The Peak Project ស្ថិតនៅកែ្បរដងទនេ្លបាសាក់ត្រើយខាងលិច ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលគ្រោងចំណាយទុនវិនិយោគប្រមាណ៥៨០លានដុលា្លរ របស់ក្រុមហ៊ុន Oxley-Gem និងក្រុមហ៊ុន WorldBidge Land នៅព្រឹកមិញនេះ។
ក្នុងពិធីនោះ លោកទេសរដ្ឋមន្ត្រីបានចោទជាសំណួរថា ហេតុអ្វីក្រុមហ៊ុនបរទេសទាំងនេះ ពេលសាងសង់នៅប្រទេសគេផ្សេង អីក៏គោរពច្បាប់ម្ល៉េះ? ចុះហេតុអ្វីមកសាងសង់នៅស្រុកខ្មែរ មិនសូវគោរពច្បាប់ចឹង ហេតុដូច្នេះហើយ ចាប់ពីពេលនេះទៅ ក្នុងនាមលោកជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ដែលជាសេនាធិការរបស់រដ្ឋាភិបាលនឹងធ្វើការងារនេះយ៉ាងមានប្រសិទ្ធភាពជាទីបំផុត មិនឲ្យសំណង់ទាំងនេះ ធ្វើខុសបច្ចេកទេស និងខុសពីបទដ្ឋានគតិយុទ្ធទៀតឡើយ។
លោកបញ្ជាក់យ៉ាងធ្ងន់ថា បើសិនលិខិតស្នើសុំមកលោកលើការសាងសង់សំណង់ទាំងនេះ ហើយក្រោយការពិនិត្យទៅខុសបច្ចេកទេសនោះ នឹងបោះចូលក្នុងធុងសំរាមភ្លាម។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានស្នើឲ្យក្រុមហ៊ុនសំណង់ទាំងអស់ គោរពតាមបទដ្ឋានគតិយុត្តនៃការសាងសង់ និងត្រូវរៀបចំការដ្ឋានសំណង់ឲ្យត្រឹមត្រូវ និងមានសុវត្ថភាពតាមស្តង់ដារអន្តរជាតិ ដូចដែលអ្នកម៉ៅការសំណង់ដំណើរការនៅបណ្តាប្រទេសនៅអន្តរជាតិ៕
មតិយោបល់