ព័ត៌មានជាតិ

(ខ្សឹប) អាថកំបាំងក្នុងក្លឹបម៉ាស្សា ស្នូកឃើរ គ្មានយីហោ ដែលមានម្ចាស់ជាមន្ត្រីអាវុធហត្ថ

បន្ទាយមានជ័យ: ប្រជាពលរដ្ឋជាច្រើនបាន ខ្សឹបប្រាប់មក នាយក្តាមប្រៃ ឲ្យដឹងថា ក្លឹបម៉ាស្សា នឹងស្នូកឃើរ មួយកន្លែង ស្ថិតនៅក្បែរផ្សាររាត្រី ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានលួចបង្កប់លេងល្បែងបៀស៊ីសងគ្រប់ប្រភេទ លេងជា ទ្រង់ទ្រាយធំ ដែលអ្នកលេងមួយចំនួនជាមន្ត្រីសមត្ថកិច្ច និងអាជីវករក្រុងប៉ោយប៉ែត នឹងមានក្មេងៗស្ទាវជាច្រើនផងដែរ។

ប្រភពខាងលើបានខ្សឹបប្រាប់នាយ ក្តាមប្រៃ ឱ្យដឹងទៀតថា អ្នកលេងល្បែងបៀស៊ីសងមានទាំងប្រុស មានទាំងស្រី មិនតិច​ជាង១០០នាក់នោះ​ទេ​បានចូលមកលេងល្បែងនៅក្លឹងខាងលើនេះ។

ប្រភពនៅខ្សឹបទៀតថា អ្នកញៀនល្បែងពេលលេងអ្នក ឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ ដោយម្នាក់ៗលេងចាញ់ រាប់ម៉ឺនរៀល ខ្លះរាប់លាន់រៀល នឹងខ្លះទៀតអស់រាប់ពាន់ដុល្លារផងដែរ នៅទីតាំងខាងលើ។

ប្រភពដដែលបានខ្សឹបប្រាប់នាយ ក្តាមប្រៃ ឱ្យដឹងទៀតថា ពីមុនអ្នកញៀនល្បែងមួយចំនួនធំគេធ្លាប់តែលេងនៅហាងគុយទាវយីហោ «តាំង ប៊ុនហេង» ប៉ុន្តែដោយសារតែហាងគុយទាវនេះ ត្រូវសមត្ថកិច្ចបង្ក្រាបនឹង ឃាត់ខ្លួនអ្នកលេង និងម្ចាស់កាល២ខែមុននោះរួចមក ទើបពួកគេទៅ​លេងនៅ​ក្លឹបម៉ាស្សា ហាត់ប្រាណនិងស្នុកឃើរគ្មានយីហោ ដែលគេដឹងថាមានអ្នកមើលការខុសត្រូវនិងម្ចាស់ជា​មន្ត្រីកងរាជអាវុធហត្​ថខេត្តបន្ទាយមានជ័យ ។

ប្រជាពលរដ្ឋបានខ្សឹបប្រាប់នាយ ក្តាមប្រៃ ទៀតថា ក្រៅពីទីតាំងក្លឹបម៉ាស្សាបង្កប់ល្បែងស៊ីសងខាងលើ ក៏មានការបើកល្បែងស៊ីសងជាច្រើនទៀត​នៅក្បែរនោះដែរដូចជាហ្គេមបាញ់ត្រី ដែលគេស្គាល់ថាទីតាំងហ្គេមបាញ់ត្រីនេះជារបស់មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលមានអំណាចម្នាក់ ។

ប្រជាពលរដ្ឋក៏បានសំណូមពរដល់លោកស្នងការនគរបាលខេត្ត លោកអភិបាលខេត្តនឹងអភិបាលក្រុងប៉ោយប៉ែត ចុះទៅបង្ក្រាប​ទីតាំងក្លឹបម៉ាស្សាបង្កប់ល្បែងស៊ីសង និងទីតាំងល្បែងភ្នាល់បាល់តាមអនឡាញជាច្រើនទៀតនៅក្នុងក្រុងប៉ោយប៉ែត ។

បើនៅតែបណ្តែតបណ្តោយបែបនេះបទល្មើសនឹងកើតឡើងកាន់តែច្រើន ដែលផ្ទុយពីគោលការណ៍ភូមិឃុំមានសុវត្តិភាព៕

photo_2016-05-03_12-24-02

មតិយោបល់