បាត់ដំបងៈ ក្រុមបង្ការ និងបង្ក្រាប ដឹកនាំដោយលោក ឈឿង គឹមសុង នៅថ្ងៃទី១១ ខែធ្នូ នៅវេលាម៉ោង ១០ និង ៤០នាទី បានបង្ក្រាបករណីក្លែងខ្លួនធ្វើជាលោកសង្ឃ ដើរបិណ្ឌបាត នៅក្នុងក្រុងបាត់ដំបង រួមទាំងបក្ខពួកចំនួន ០៤ នាក់ទៀត។
ជនសង្ស័យទាំង០៤នាក់ កំពុងស្នាក់នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អ្នកទាំងនោះ ទី១. ឈ្មោះ ម៉ៅ ជា ភេទ ប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិគោកជ័រ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ទី២. ឈ្មោះ វ៉ិត ផល្លា ភេទប្រុស អាយុ ៣២ ឆ្នាំ ( ក្លែងខ្លួនធ្វើជាលោកសង្ឃ ) រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ទី៣. ឈ្មោះ លឹម ម៉ៅ ភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិពពាលខែថ្មី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ( ជាអ្នកដឹកយកទៅគ្រងស្បង់ចីពរ និងទៅបិណ្ឌបាតជាមួយ )។ ទី៤. ឈ្មោះ តូច សារ៉ាត់ ហៅ តយ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ( ជាអ្នកដឹកត្រលប់ពីបិណ្ឌបាតវិញ )។
ក្រោយពីក្រុម បង្ការ បង្ក្រាប បានធ្វើការសាកសួររួច ជនសង្ស័យ បានឆ្លើយសារភាពថា រាល់ម៉ោង៧ព្រឹក ខ្លួនបានឲ្យបក្ខពួកជូនទៅក្រោយកន្លែង បញ្ចុះសពទួលតាឯក ដើម្បីប្តូរសំលៀកបំពាក់ទៅជាលោកសង្ឃ ហើយដើរបិណ្ឌបាតក្នុងក្រុងបាត់ដំបង។
បន្ទាប់ពីក្រុម បង្ការ បង្ក្រាបបានធ្វើការសាកសួររួច បានប្រគល់ឲ្យទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់