ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ត្រីផ្សោតទន្លេមេគង្គ បង្កើតកូនបាន៨ក្បាល ខណៈត្រីផ្សោត៦ក្បាល ត្រូវប្រទះឃើញងាប់

ភ្នំពេញៈ ជារឿងគួរឲ្យត្រេកអរ និងសាទរចំពោះប្រភេទសត្វត្រីផ្សោតទន្លេងមេគង្គ ដែលជាប្រភេទសត្វដ៏កម្រ និងជិតផុតពូជនៅលើភពផែនដី បានបង្កើតកូនថ្មី៨ក្បាល ក្នុងរយៈពេល១ឆ្នាំ។ នេះបើតាមអង្គការអភិរក្ស WWF។

អង្គការ WWF ដែលធ្វើការលើការងារអភិរក្សសត្វ បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃម្សិលមិញថា «មានកូនត្រីផ្សោតសរុបចំនួន៨ក្បាល បានកើតចាប់ពីខែមករា ឆ្នាំ២០១៦ រហូតមកដល់ខែធ្នូ ឆ្នាំ២០១៦នេះ។ យើងសង្ឃឹមថា ពួកគេនឹងបន្តលូតលាស់ រហូតដល់ធំពេញវ័យ ដោយសុវត្ថិភាព»

ទោះយ៉ាងក្ដី អង្គការ WWF ក៏បានសម្តែងនូវការសោកស្តាយ ខណៈដែលត្រីផ្សោតចំនួន៦ក្បាល ត្រូវបានគេប្រទះឃើញងាប់ ដែលមូលហេតុចម្បងនៃការស្លាប់ទាំងនេះ គឺបណ្តាលមកពីការនេសាទខុសច្បាប់ ហើយទាមទារឲ្យមានការរឹតបន្តឹង ការអនុវត្តច្បាប់បន្ថែមទៀត ពីសំណាក់អាជ្ញាធរពាក់ព័ន្ធដើម្បីអភិរក្សបេតិកភណ្ឌជាតិមានជីវិតមួយនេះ និងសូមអំពាវនាវដល់ប្រជាសហគមន៍ទាំងអស់ កុំធ្វើការនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតនេះ។

គួរបញ្ជាក់ថា តំបន់អន្លង់ត្រីផ្សោត រស់នៅទន្លេមេគង្គ ត្រូវបានអង្គការអភិរក្សទូទាំងពិភពលោក ទទួលស្គាល់ថា ជាកន្លែងរស់នៅចុងក្រោយមួយនៅលើភពផែនដីយើងនេះ និងជាប្រភេទដូហ្វីនដ៏កម្រតែមួយគត់នៅកម្ពុជា ដែលវាជិតផុតពូជទៅហើយ។ ក្នុងនោះ សត្វផ្សោត បានរស់នៅក្នុងអន្លុងជ្រៅៗទាំង៤ មានដូចជា អន្លង់ឈើទាល អន្លង់កោះសំពាយ អន្លង់កោះកូនសត្វ និងអន្លង់ត្បូងខ្លា ដែលរាល់សត្វផ្សោតទាំងនោះ គឺបាន និងកំពុងទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតជាច្រើនឲ្យមកទស្សនា។

សត្វ​ផ្សោត​នៅ​ក្នុង​ទន្លេមេគង្គ ត្រូវបាន​គេ​ចាត់ថ្នាក់​ជា​ប្រភេទ​សត្វ​កំពុង​រង​គ្រោះថ្នាក់​ជិត​ផុត​ពូជ​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN និង​ក្នុង​ឧបសម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា ស្តីពីការធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ លើ​ប្រភេទ​សត្វ និងរុក្ខ​ជាតិកំពុង​រងគ្រោះ ហៅ​កាត់​ថា CITES ដែល​សុទ្ធសឹង​ជា​ទម្រង់​អន្តរជាតិ​ខ្ពស់​ជាងគេ​បង្អស់​នៃ​ការ​ចាត់ថ្នាក់​ប្រភេទ​សត្វ​កំពុង​រងគ្រោះ។ ​សត្វ​ផ្សោត ក៏​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​អនុក្រឹត្យ នៃ​ប្រទេស​កម្ពុជា ស្តីពីការកំណត់​អត្តសញ្ញាណ​ប្រភេទ​ធនធាន​ជលផលកំពុង​រងគ្រោះ​ផង​ដែរ៕

មតិយោបល់