ព័ត៌មានសុខភាព

ដឹងពីអត្ថប្រយោជន៍នៃល្ហុងទុំហើយ អ្នកច្បាស់ជាឲ្យទារកទទួលទានរាល់ថ្ងៃ

បរទេសៈ ដើម្បីឲ្យទារកមានសុខភាពល្អ ឪពុកម្តាយគ្រប់រូបគួរតែយកចិត្តទុកដាក់ចំពោះការទទួលទានរបស់ពួកគេឲ្យមែនទែន។ ជាពិសេស អ្នកគួរតែកាត់បន្ថយការផ្តល់អាហាររឹង ហើយបន្ថែមអាហារទន់ៗដូចជាល្ហុងទុំជំនួសវិញ។ ព្រោះល្ហុងពិតជាផ្តល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់ទារកដែលមានអាយុលើ ១ឆ្នាំ ប៉ុន្តែអ្នកត្រូវផ្តល់ក្នុងបរិមាណតិចៗបានហើយ។

តើល្ហុងទុំ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ទារក?

ការរំលាយអាហារ៖ គ្រាន់តែបន្ថែមបរិមាណតិចតួចនៃល្ហុងទុំទៅក្នុងរបបអាហាររាល់ថ្ងៃ ក៏អាចជួយជំរុញដល់ដំណើរការរំលាយអាហាររបស់ពួកគេឲ្យមានភាពល្អប្រសើរឡើងដែរ។

ពង្រឹងប្រព័ន្ធភាពស៊ាំ៖ វីតាមីន C នៅក្នុងល្ហុងទុំ អាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំរបស់ទារក ដែលអាចប្រយុទ្ធប្រឆាំងនឹងជំងឺមួយចំនួនបាន។

មហារីកពោះវៀន៖
សារធាតុប្រឆាំងអុកស៊ីតកម្ម ក៏ដូចជាវត្តមាននៃជាតិសរសៃនៅក្នុងល្ហុងទុំ អាចជួយការពារជំងឺមួយចំនួនដែលទាក់ទងទៅនឹងមហារីកពោះវៀន និងប្រព័ន្ធរំលាយអាហារយ៉ាងមានប្រសិទ្ធភាព។

បញ្ហាទល់លាមក៖ ប្រសិនបើកូនតូចរបស់អ្នកមានបញ្ហាទល់លាមក អ្នកត្រូវឲ្យពួកគេទទួលទានល្ហុងទុំម្តងមួយស្លាបព្រាកាហ្វេ ហើយមួយថ្ងៃឲ្យបានពីរដង។ វិធីនេះ អាចជួយបញ្ចុះ និងព្យាបាលបញ្ហាទល់លាមកបាន។

ទម្លាក់ព្រូន៖
ទារកមានអាយុលើមួយឆ្នាំ ដែលកើតព្រូនអាចប្រើប្រាស់គ្រាប់ល្ហុងទុំទម្លាក់បាន។ យកគ្រាប់ល្ហុងទៅកិនជាម្សៅឲ្យបានមួយស្លាបព្រាកាហ្វេ ហើយលាយជាមួយទឹកឃ្មុំបន្តិច ឲ្យពួកគេទទួលទានមួយថ្ងៃពីរដង បញ្ហាព្រូនក្នុងពោះវៀននឹងកម្ចាត់ចោលអស់។

កន្ទួលរមាស់៖ ល្ហុងទុំយកទៅអនុវត្តនៅលើស្បែក អាចជួយព្យាបាលដំបៅ ឬបញ្ហារលាកបាន។ ចំណែកឯទារកដែលជួបបញ្ហាកន្ទួលរមាស់នៅលើស្បែក ក៏អាចធ្វើបែបនេះបានដែរ។

ចំណាំ៖ ដើម្បីសុវត្ថិភាពអ្នកគួរតែពិគ្រោះជាមួយនឹងអ្នកជំនាញជាមុនសិន មុននឹងបន្ថែមរបបអាហារនេះទៅឲ្យទារក។ ទន្ទឹមនឹងនេះផងដែរ ក្នុងដំណាក់កាលដំបូង អ្នកគួរតែកិនល្ហុងទុំឲ្យទារកទទួលទានម្តងមួយស្លាបបានហើយ៕

មតិយោបល់