ព្រះសីហនុៈ បុរសជនជាតិបរទេស អាយុប្រហែល៥០ឆ្នាំម្នាក់ ត្រូវគេប្រទះឃើញ ដេកស្លាប់នៅលើឆ្នេរសមុទ្រជ័យជំនះ កាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅមុខសណ្ឋាគារកាំសាប ដែលស្ថិតនៅក្រុម24 ភូមិ3 សង្កាត់3 ក្រុង-ខេត្តព្រះសីហនុ។
ក្រោយកើតហេតុសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ និងលោកវេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ ចុះទៅពិនិត្យលើសាកសព បានឲ្យដឹងថា សពជនបរទេសរូបនេះ ស្លាប់ដោយសារជនមិនស្គាល់មុខវាយសម្លាប់ ព្រោះសាកសពមានស្នាមរបួសផ្នែកក្បាល ប៉ុន្តែសមត្ថកិច្ចមិនទាន់ដឹងថា ផ្ដើមចេញពីមូលហេតុអ្វីនៅឡើយទេ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន ៖ -ដំបងឈើ៣ដើម (ឈើជ្រុង២ដើម ឈើមូល១ដើម) និងម៉ូតូជនរងក្រោះ១គ្រឿងម៉ាក YAMAHA NouVo MX ស្លាកលេខតាកែវ 1A-4858។
ពិនិត្យចប់ វត្ថុតាង និងម៉ូតូជនរងគ្រោះ យកទៅរក្សាទុកនៅស្នងការនគរបាលខេត្ត។ ចំណែកសាកសព ត្រូវបានដឹកយកទៅរក្សាទុកនៅសាលរក្សាសពមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំស្ថានទូត និងក្រុមគ្រួសារមកទទួល៕
មតិយោបល់