ស្វាយរៀងៈលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឺទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ ឆ្នាំ២០១៦ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅសាលប្រជុំទន្លេវៃគោ ក្រុងស្វាយរៀង។
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានថ្លែងថាយោងតាមរបាយការណ៏របស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងតំណាងក្រុមការងារថ្នាក់ស្រុក សូមធ្វើការកោតសសើរ ចំពោះក្រុមការងារថ្នាក់ជាតិទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារចុះមូលដ្ឋាន ជាពិសេសការចូលរួមយ៉ាងសកម្ម ក្នុងវេទិកាសាធារណៈ ដែលយើងបានធ្វើការគ្រប់ក្រុងស្រុក និងនៅតាមឃុំសង្កាត់មួយចំនួនធំក្នុងខេត្ត។
លោកស្រី ម៉ែន សំអន បន្តទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានខិតខំបំពេញការងារ យ៉ាងសកម្មមិនខ្លាចនឿយហត់ ដើម្បីបំរើប្រជាពលរដ្ឋ និងអភិវឌ្ឃន៏ប្រទេសជាតិ ឲ្យរីកចំរើនលើគ្រប់វិស័យ និងការពារបូរណភាពដែនដី។
លោកស្រី ក៏បានបន្ថែមទៀតថា ដើម្បីពង្រឹងការងាររបស់យើង ឲ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចឲ្យបានជោគជ័យ យើងត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗ មួយចំនួនដែលរាជរដ្ឋាភិបាល បានដាក់ចេញ និងត្រូវបន្តជំរុញឲ្យបានជោគជ័យ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ធ្វើការកំណែទម្រង់ស៊ីជំរៅ កាត់បន្ថយភាពអសកម្មរបស់មន្ត្រីថ្នាក់ដឹកនាំ ដោយបន្តការអនុវត្តតាមទិសស្លោក (ឆ្លុះកញ្ចក់ងូតទឹកដុសក្អែលព្យាបាល)។
ហើយជាពិសេស តាមបណ្ដាមន្ទីរនានាជុំវិញខេត្ត ក្នុងនោះមន្ទីកសិកម្មមន្ទីអប់រំយុវជន និងកីឡាមន្ទីការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈមន្ទីសុខាភិបាល មន្ទីរសង្គមកិច្ច, មន្ទីរថាមពលរ៉ែ, មន្ទីរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, មន្ទីធនធានទឹកនិងកងកម្លាំងប្រដាប់អាវុធខេត្តសុទ្ធតែជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ ហើយត្រូវបន្តយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាល សូមអស់លោកលោកស្រីចូលរួម ក្នុងយុទ្ធសាស្ត្រ ការជួយផ្ដល់ទឹកជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ខេត្តស្វាយរៀង ដែលកំពុងប្រឈមការខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ និងសូមរំលឹកនូវប្រសាសន៏ដ៏ ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលសម្ដេចបានអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាក់ថ្នាក់ ត្រួវចាត់វិធានការណ៏ ជាបន្ទាន់បំផុត និងធានាថាមិនបណ្ដោយឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់ទឹក នៅពេលដែលយើងបានដឹងនោះឡើយ៕
មតិយោបល់