ភ្នំពេញៈ បុរសម្នាក់ជានាយកសាខាសាលាអន្តរជាតិវេសស្ទឺនមានជំងឺមហារីកពោះវៀនធំច្រើនខែមកហើយ ព្យាបាលមិនជា បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បណ្ដាលឲ្យស្លាប់តាមបំណងនៅក្នុងផ្ទះ ក្នុងខណៈពេលដែលប្រពន្ធត្រឡប់មកពីយកកូនចេញពីសាលាទើបប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះខាងលើឈ្មោះ លីម ប៊ុនលាង អាយុ៣៨ឆ្នាំ ជានាយកសាខាសាលាវេសស្ទឺន មានប្រពន្ធនិងកូនស្រីម្នាក់នៅក្នយងបន្ទុកគ្រួសារ និងមានទីលំនៅផ្ទះកើតហេតុខាងលើ។
មុនពេលធ្វើអត្តឃាតបុរសរងគ្រោះបានបន្សល់ទុកនូវលិខិតបណ្ដាំចំនួន៥ច្បាប់ ដែលបានផ្ដាំទៅប្រពន្ធ កូននិងឪពុកម្ដាយផងដែរ។
ស្រ្តីជាប្រពន្ធបានរៀបរាប់ប្រាប់នគរបាលថា ប្ដីនាងមានជំងឺមហារីកពោះវៀនធំច្រើនខែកន្លងមកហើយ រហូតឈានដល់ការវះកាត់ដាក់ទុយោចេញក្រៅថែមទៀតផង។ប៉ុន្តែទោះជាខំប្រឹងព្យាបាលយ៉ាងណាក៏មិនជាដែរ ដោយឡែកនៅព្រឹកថ្ងៃកើតហេតុខណៈពេលដែលស្រ្តីជាប្រពន្ធចេញពីផ្ទះទៅយកកូនចេញពីសាលារៀនស្រាប់តែបុរសរងគ្រោះបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនតែម្ដង រហូតដល់ពេលកើតហេតុ ក្រោយពេលដែលប្រពន្ធដឹកកូនមកដល់ផ្ទះហើយកូនបើកទ្វារចូលទៅក្នុងផ្ទះមុន ទើបប្រទះឃើញប្តីស្លាប់ និងស្រែកបង្កការភ្ញាក់ផ្អើល ព្រោះឃើញជនរងគ្រោះបានយកខ្សែកាប្លិ៍ទូរទស្សន៍ចងកជាប់ជាមួយប្រហោងឥដ្ឋខ្យល់ ហើយបន្ទាប់ពីបានឃើញបែបនេះប្រពន្ធបានយកកាំបិតកាត់ខ្សែទម្លាក់ចុះក្នុងបំណងយកទៅសង្គ្រោះប៉ុន្តែដោយសារប្ដីស្លាប់បាត់ទៅហើយនោះទើបរាយការណ៍ជូននគរបាលចុះទៅពិនិត្យ និងគ្នានការប្ដឹងផ្ដល់ឡើយ៕
មតិយោបល់