ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្ដេចប្រដាល់ ប៉ាគីអៅ នឹងមកកម្ពុជា បង្ហាត់ដល់កីឡាករខ្មែរ

ភ្នំពេញៈ ស្ដេចប្រដាល់អាស៊ីដែលល្បីឈ្មោះទូទាំងពិភពលោក Manny Pacquiao បានធ្វើការសន្យាមុខរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា នឹងមកកម្ពុជា សាជាថ្មីម្ដងទៀត ដើម្បីជួយបង្ហាត់បង្រៀនដល់កីឡាករកម្ពុជា តាមការស្នើសុំរបស់គណៈកម្មការជាតិអូឡាំពិកកម្ពុជា។ នេះបើតាមការចេញផ្សាយរបស់ផេកក្រសួង នៅមុននេះបន្តិច។

ហ្វេសប៊ុកក្រសួងទេសចរណ៍ ឲ្យដឹងថា លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជួបសម្ដែងការគួរសមជាមួយសេ្តចប្រដាល់ហ្វីលីពិន Manny Pacquiao (Mr. PAC Man) កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានការចូលរួមពីសហព័ន្ធកីឡាប្រដាល់កម្ពុជា និងកីឡាប្រដាល់ល្បីៗរបស់កម្ពុជា។

នៅក្នុងជំនួបនោះ ស្ដេចប្រដាល់អាស៊ី លោក Pacquiao បានសន្យាថា នឹងអញ្ជើញមកកាន់កម្ពុជា ជាថ្មីម្តងទៀត ដើម្បីជួយបង្ហាត់បង្រៀនដល់កីឡាករកម្ពុជា តាមការស្នើសុំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ទោះជាយ៉ាងណា លោក ថោង ខុន បានបញ្ជាក់ថា ពេលវេលានៃការអញ្ជើញត្រឡប់មកកម្ពុជា សាជាថ្មីរបស់ស្តេចប្រដាល់រូបនេះ នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ព្រោះលោកបានសន្យាចេញពីទឹកចិត្តរបស់គាត់ថា នឹងមកកម្ពុជា ជាថ្មី ដើម្បីជួយបង្ហាត់ដល់កីឡាករប្រដាល់ខ្មែរ នៅពេលវេលាសមរម្យណាមួយ។

គួរជម្រាបថា វត្តមានស្ដេចប្រដាល់សញ្ជាតិហ្វីលីពីន លោក Manny Pacquiao នៅលើទឹកដីកម្ពុជា រយៈពេល២ថ្ងៃនេះ ក្នុងពេលដែលលោកអមដំណើរប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានមកទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។

ក្នុងអំឡុងពេលទស្សកិច្ចនេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

មតិយោបល់