ព័ត៌មានជាតិ

ចាញ់បោកមេខ្យល់ ទៅធ្វើការនៅខេត្តព្រះសីហនុ មកដេកដួលនៅសង្កាត់កាកាប២

ភ្នំពេញ: បុរសម្នាក់ចាញ់បោកមេខ្យល់ នាំថាទៅរកការងារធ្វើ នៅឯខេត្តព្រះសីហនុ មិនទាន់ដល់គោលដៅ រកការងារបានធ្វើផង អ្នកនាំផ្លូវ គេចខ្លួនបាត់ បុរសខាងលើគ្មានលុយ ដាច់បាយ រកផ្លូវទៅផ្ទះមិនឃើញ មកដួលដេកនៅតាមផ្លូវ មុខរោងចក្រហេនសាំ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យភ្ញាក់ផ្អើល បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី នាំគ្នាជួយបាយទឹក ថវិកា ជូនដល់បុរសរូបនេះ ។

តាមការសាកសួរ បុរសខាងលើ មានឈ្មោះ សឿន យ៉ុន អាយុ៤៤ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិតាម៉ៅលើ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ មានប្រពន្ធឈ្មោះ សៀប អាយុ៤៥ឆ្នាំ មុខរបរ កសិករ ។

តាមការរៀបរៀបពីបុរសខាងលើ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ គាត់ត្រូវបានឈ្មោះ ភឿន ជាអ្នកស្គាល់គ្នា បបួលនាំថា ទៅរកការងារធ្វើនៅឯខេត្តព្រះសីហនុ ដោយធ្វើដំណើរចេញពីស្រុកកំណើត ទៅដល់ខេត្តកំពត ល្បួងនាំចាយលុយអស់ ឈ្មោះ ភឿន បានគេចខ្លួនទៅបាត់ មិនដឹងថាទៅណា ខ្លួនមិនដែលដើរ មិនស្គាល់ផ្លូវ ម្យ៉ាងអត់លុយ មានតែសុំឡានគេជិះ មកទើរត្រឹម ម្តុំចោមចៅ មិនដឹងថាទៅណាទៀត គ្មានលុយកាក់ ដើរតែលតោល រសាត់អណ្តែត រហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា នេះ ដើរដល់ចំណុចខាងលើ ហេវហត់ អស់កម្លាំងអង្គុយនៅមួយកន្លែង ។

តាមប្រជាពលរដ្ឋ បងប្អូនកម្មកររោងចក្រ ទាំងប្រុសស្រី ក្រោយពីប្រទះឃើញបុរសខាងលើដើរដួលដេក ញ័រដៃជើង ជាច្រើននាក់មានចិត្តសប្បុរស ជួយជាបាយ ទឹក ថវិកា តែអ្វីជាក់ស្តែង បុរសរូបនេះ បដិសេដ មិនព្រមទទួលយក រហូតដល់មានបងប្អូនកម្មករ យកលុយញុកចូលហោប៉ាវខោឲ្យ នៅតែគាត់យកចេញ ហុចឲ្យគេវិញ ។ ទោះជាយ៉ាងណាក្តីទឹកចិត្ត បងប្អូនកម្មករ ជាមនុស្សធម៌ នាំគ្នាព្យាយាម បញ្ចុះបញ្ចូល លើកហេតុផល ថវិកា សម្រាប់ជាសោហុយវិលត្រឡប់ទៅស្រុកវិញ ហើយត្រូវបានអន្តរាគមន៍ពីសមត្ថកិច្ច ជួយសម្រួល និងហៅម៉ូតូកង់បីដឹកជូនទៅរករថយន្តឈ្នួល ដើម្បីធ្វើដំណើរទៅស្រុកកំណើតវិញ៕

មតិយោបល់