ថៃ: ជនជាតិថៃម្នាក់ ដែលថ្លើមធំហ៊ានចាប់ស្ត្រីខ្មែរដែលមានប្តី និងមានទាំងកូនទៅហើយនោះ រុញបញ្ចូលក្នុងរថយន្តដឹក យកទៅរំលោភយ៉ាងព្រៃផ្សៃជាទីបំផុត ត្រូវបានក្រុមតម្រួតថៃប្រចាំស្រុកខ្លងលឹក តាមប្រមាញ់ និងធ្វើការឃាត់ខ្លួនបាន កាលពីវេលាម៉ោង២ រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ខណៈដែលជននេះកំពុងសំងំបង្ខាំងនារីរងគ្រោះ នៅក្នុងទីតាំងរីសតមួយកន្លែង ក្នុងខេត្តស្រះកែវ ប្រទេសថៃ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៨ និង៣០នាទីយប់ត្រង់ចំនុចផ្លូវសាលាដែង ខាងក្រោយហាង អឹម អឹម ស្ថិតក្នុងឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែមានជន មិនស្គាល់មុខចំនួនពីរនាក់ បានបើករថយន្តម៉ាក អ៊ីស៊ុយស៊ុយ ព៌ណស មកចាប់ស្ត្រីម្នាក់ឈ្មោះ ជសផ អាយុ២៧ឆ្នាំ ជាជនជាតិខ្មែរ ទីលំនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដែលបច្ចុប្បន្ន ទៅរស់នៅក្នុងផ្សាររោងក្លឿ ប្រទេសថៃ ជាមួយ និងស្វាមីឈ្មោះ សាន់ វិទូ អាយុ២៧ឆ្នាំដូចគ្នា ដោយមានកូនម្នាក់អាយុ៦ឆ្នាំ ខណៈដែលនាងកំពុងឈប់សំចតរឺម៉កម៉ូតូដើម្បីលក់ប្រហិតចៀន និងភេសជ្ជៈ ក៏ទាញដៃបញ្ចូល ទៅក្នុងរថយន្តហើយបើកចេញទៅបាត់ ។
ក្រោយពីស្វាមីរបស់នាង បានដាក់ពាក្យប្តឺង ទៅស្ថានីយ៍តម្រួតថៃ ប្រចាំស្រុកខ្លងលឹក រួចមក ទើបនៅរសៀលថ្ងៃទី៤នេះ ជនសង្ស័យត្រូវបានឃាត់ខ្លួន ដោយកម្លាំងបាន នាំនារីរងគ្រោះ មកជាមួយផង ដើម្បីធ្វើការសាកសួរ នៅក្នុងស្ថានីយ៍តម្រួត ប៉ុន្តែដោយសារតែនាងមានការភ័យខ្លាចខ្លាំងពេក ទើបសមត្ថកិច្ចសម្រេចបញ្ជូន នាងទៅកាន់ស្នាក់ការកុងស៊ុលកម្ពុជា ប្រចាំខេត្រស្រះកែវដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ វ៉ាយុ អាក់សន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ៦ ឃុំថងមង្គល ស្រុកបាងសៈផាន ខេត្តប្រាក់ជួប មានមុខរបរបើកហាង កាត់កញ្ចក់គ្រប់ប្រភេទ ដោយគេបានសារភាពថា ករណីនេះ គឺមិនមែនជាការចាប់រំលោភនោះទេ តែនេះគឺនាងស្មគ្រ័ចិត្ត និងពេញចិត្តទៅដោយខ្លួនឯង។
ជនសង្ស័យរូបនេះបានរំឮកថា រូបគេបានស្គាល់នាងទើបតែមួយរយៈខ្លីប៉ុណ្ណោះ កាលដែលរូបគេមក កាត់កញ្ចក់នៅក្នុងស្រុកអារញ្ញ ហើយកាលណោះ នាងបានទៅលក់ប្រហិតចៀននៅទីនោះ ដោយសារតែរូបសម្ផស្សរបស់នាង បានធ្វើឲ្យការស្រលាញ់របស់ខ្លួនកាន់តែមានទំហំធំឡើងៗ បើទោះបីជាគេបានដឹងថានាងមានស្វាមី និងកូនតូចយ៉ាងណាក៏ដោយ ក៏មិនអាចទប់ចិត្តមិនឲ្យស្រលាញ់បានឡើយ ទើបនៅទីបំផុតក៏សម្រេចចិត្ត នាំមិត្តភក្តិទៅនាំនាងមកកាន់ តាំងរីសត មួយកន្លែងក្នុងស្រុកខ្លងហាត។
ដោយឡែកនាង ជសផ បានឆ្លើយបំភ្លឺដល់សមត្ថកិច្ច និងកុងស៊ុលកម្ពុជាប្រចាំ ខេត្តស្រះកែវថា ជនសង្ស័យខាងលើបានចាប់នាងរុញបញ្ចូលឡាន ហើយបើកចូលទៅក្នុងទីតាំងរីសតមួយកន្លែង ដោយបានចាប់បង្ខំនាង ដើម្បីរំលោភរហូតបានសម្រេច ដែលក្នុងនោះមានទាំងបក្ខពួកចំនួន៣នាក់ផង ដោយមានការគំរាមនាងថែមទៀត ដូច្នេះហើយបានជានាងសុខចិត្តទ្រាំខាំមាត់ ដើម្បីបានជួបមុខស្វាមី និងកូនសម្លាញ់។
រីឯស្វាមីឈ្មោះ សាន់ វិទូ បានត្រឹមតែអោបកូនបង្ហូរទឹកភ្នែកតែប៉ុណ្ណោះ ក្រោយពីបានឮ សម្តីភរិយារបស់ខ្លួននិយាយថា នាងត្រូវបានគេចាប់រំលោភរួចមក ដោយមិនដឹងថា តើត្រូវជួយនាងតាមវិធីណា។
នៅពេលនោះដែរ ក្រុមតម្រួតថៃបានធ្វើការចោទប្រកាន់ ទៅលើជនសង្ស័យចំនួនពីរបទ គឺបទបង្ខាំងមនុស្សខុសច្បាប់ និងបទរំលោភសេពសន្ថវៈ។
លោកអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ក៏បានសំណូមពរដល់សមត្ថកិច្ចថៃឲ្យ ធ្វើយ៉ាងណាដាក់ទោសទណ្ឌ ដល់ជនសង្ស័យដែលបានចាប់រំលោភស្ត្រីខ្មែរ យ៉ាងសាហាវ យង់ឃ្នងបែបនេះ ហើយនៅល្ងាចនេះដែរស្ត្រីរងគ្រោះ ក៏បានបញ្ជូនចូលមកក្នុងទឹកដីកម្ពុជាវិញហើយ ហើយនៅព្រឹកស្អែកជនសង្ស័យ នឹងត្រូវបញ្ជូនខ្លួនទៅកាន់តុលាការ
ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយឡែកចំពោះសំណងរដ្ឋប្បវេណី គេមិនទាន់ដឹងថា តើតុលាការសម្រេចទាមទារ ឲ្យជនរងគ្រោះប៉ុន្មាននោះឡើយ ព្រោះនៅពេលនេះ ជនសង្ស័យហាក់គ្មានការតក់ស្លុតអ្វីបន្តិចទាល់តែសោះ៕
មតិយោបល់