ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រឿង «ចៅកូរ» គំនូរជីវចលផ្សព្វផ្សាយ និងបញ្ជ្រាបសារអប់រំបរិស្ថាន

ភ្នំពេញៈ ក្រសួងបរិស្ថាន ដោយសហការជាមួយវិស័យឯកជន ធ្វើការផលិតគំនូរជីវចលថ្មី រឿង «ចៅកូរ» ដើម្បីបង្កើនប្រសិទ្ធភាពនៃការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងសាធារណៈ អំពីកិច្ចគាំពារបរិស្ថាន និងធម្មជាតិនៅកម្ពុជា។ រឿងនេះ ផលិតឡើងចំនួន១៨ភាគ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ My TV ចាប់ពីថ្ងៃទី១៦ ខែមករាខាងមុខតទៅ។

រឿង «ចៅកូរ» ត្រូវបានចុះហត្ថលេខាសហការផលិតតាមរយៈអនុស្សារណៈ នៃការយោគយល់ ស្តីពីយុទ្ធនាការផ្សព្វផ្សាយសារអប់រំបរិស្ថាន បែបគំនូជីវចល រវាងក្រសួងបរិស្ថាន ស្ថានីយ៍ទូរទស្សន៍ My TV និងក្រុមហ៊ុន Fu Lu Shou Co.,Ltd ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ នៅឯស្ថានីយ៍ទូរទស្សន៍ My TV រាជធានីភ្នំពេញ។

លោករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងក្នុងពិធីនេះថា ការផលិត និងបង្កើតវីដេអូបែបគំនូរជីវចលនេះ មិនមែនជាលើកទីមួយទេ សម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើការអប់រំ ក៏ដូចជាការផ្លាស់ប្តូរនូវផ្នត់គំនិតរបស់ប្រជាជន។ ដោយឡែក រឿង «ចៅកូរ» ជាសាច់រឿងថ្មីមួយទៀត បង្កើតឡើងដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបទាក់ទងទៅនឹងវិស័យបរិស្ថានដល់សាធារណជន ដោយនៅក្នុងសាច់រឿងនេះ បានបង្កប់នូវសារអប់រំជាច្រើន ចាប់ពីកុមារតូចៗឡើងទៅ។

អនុស្សារណៈនៃការយោគយល់នេះ ធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាព នៃការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ជាសាធារណៈ អំពីកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។ គំនូរជីវចលរឿង «ចៅកូរ» នឹងត្រូវផលិតឡើងចំនួន១៨ភាគ ដែលមានចាក់ផ្សាយចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ខាងមុខនេះតទៅ លើកញ្ចក់ទូរទស្សន៍ My TV និងផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមហ្វេសប៊ុកក្រសួងបរិស្ថាន និងគេហទំព័រដែលមានអាស័យដ្ឋាន www.moe.gov.kh

គួរបញ្ជាក់ថា ហត្ថលេខីក្នុងពិធីនេះ មានការអញ្ចើញចូលរួមជាតំណាងដោយលោកស្រី ងិន លីណា អគ្គនាយិកានៃអគ្គនាយដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោក លឹម ឃុនស្រ៊ុន អគ្គនាយកស្ថានីយ៍ទូរទស្សន៍ MyTV និងលោក សុខ សំណាង ប្រធានក្រុមហ៊ុន Fu lu Shou Co.,Ltd ដែលជាក្រុមហ៊ុននាំចូលចូលផលិតផល Pocari Sweat៕

មតិយោបល់